ផ្ទះ​ពលរដ្ឋ​ជាង​១០០​ខ្នង​នៅ​ក្រុង​សិរីសោភ័ណ ​និង​ស្រុក​ម៉ាឡៃ​ ត្រូវ​ជំនន់​ទឹកភ្លៀង​​ជនលិច

123

បន្ទាយមានជ័យ ៖ ​ភ្លៀង​ធ្លាក់​ស្ទើរ​ពេញ​មួយ​យប់​ បណ្តាល​ឲ្យ​កើតមាន​ជំនន់​ទឹកភ្លៀង​ផ្ទះ​ជាង​១០០​ខ្នង​ នៅ​ស្រុក​ម៉ាឡៃ​ នឹង​ក្រុង​សិរីសោភ័ណ​ នៃ​ខេត្តបន្ទាយមានជ័យ ​រងការ​លិចលង់ ​កាលពី​យប់​ថ្ងៃទី​២​ ឈាន​ចូល​ថ្ងៃទី​៣ ​ខែតុលា ​ឆ្នាំ​២០១៧ ​​សមត្ថកិច្ច​​ ​កំពុង​​ជួយ​​​ប្រជាពលរដ្ឋ​ដែល​​រង​គ្រោះនេះ ។

ការ​លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ ​ខាងលើនេះ​ គឺ​កើតឡើង​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​ហើយ​បន្ត​ហូរ​ធ្លាក់​ពីលើ ភ្នំ​រ៉ាង នៃ​ស្រុក​ម៉ាឡៃ ​បាន​វាយប្រហារ​ឃុំ​ចំនួន​២​ គឺ ឃុំ​អូរ​សំព័រ ​និង​ឃុំ​អូរ​ស្រឡៅ លិចលង់​លំនៅឋាន​ប្រជាពលរដ្ឋ​ចំនួន​១១០​ខ្នង ​។ ដោយឡែក​សម្រាប់​ក្រុង​សិរីសោភ័ណ​វិញ គឺ​ទឹក​ហូរ​ធ្លាក់​ពីលើ​ភ្នំ​ស្វាយ ដែល​បណ្តាល​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង ​ទឹក​ហូរ​ចូល​ប្រព័ន្ធ​លូ​មិនទាន់ បណ្តាល​ ឲ្យ​ហៀរ​ចូល​លំនៅឋាន​ប្រជាពលរដ្ឋ ជាពិសេស​លំនៅឋាន​ពលរដ្ឋ​នៅ​តាម​ផ្លូវ​លេខ​១ លេខ​២​ លេខ​៣ ​និង​ចំណតរថយន្ត​សិរីសោភ័ណ ។

ជាមួយនឹង​ការ​ហូរចូល​ប្រព័ន្ធ​លូ​មិនទាន់​នេះ គេ​សង្កេតឃើញថា តាម​បណ្តា​មាត់​លូ​មួយចំនួន ​បាន​ស្ទះ​និង​ហូរ​បុក​ចេញ​មកក្រៅ​វិញ​ដូច​ទុយោ​បាញ់​ទឹក​អញ្ចឹង ។

សូមបញ្ជាក់ថា ​យោងតាម​ការព្យាករណ៍ ​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​លើ​បញ្ហា​អាកាសធាតុ​ ខេត្តបន្ទាយមានជ័យ​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​មាន​ភ្លៀង​ ខ្យល់​លាយឡំ​គ្នា ​បាន​ធ្វើ​ឲ្យ​លំនៅឋាន​ប្រជាពលរដ្ឋ​ក្នុងស្រុក​ថ្មពួក​ដួល​រលំ ​និង​រង​ការខូចខាត​អស់​ជាច្រើន​ខ្នង​ផងដែរ​ ។

ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ ​នៅ​ស្រុក​ម៉ាឡៃ​ត្រូវ​សមត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​ចុះ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​ទាំង​យប់​រហូតដល់ ​ព្រឹក​ថ្ងៃទី​៣​ តុលា ​នេះ​។​ហើយ​ក​ន្លែង​ខ្លះ​ បាន​ស្រក​ទៅវិញ​បន្ទាប់​ពី​ភ្លៀងរាំង​៕