ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា វិស័យឯកជនគឺជាអ្នកជួយអប់រំបន្ត ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទូទាំងប្រទេស។
ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានគណៈកម្មការ អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងវិស័យឧស្សាហកម្ម និងសិប្បកម្ម បានបញ្ជាក់ឲ្យដឹងថា ការអនុវត្តការវិធានការទី២ គណៈកម្មការប្រឆាំងគ្រឿងញៀនបានរៀបចំវេទិកានេះ ដើម្បីជួបជាមួយវិស័យឯកជន សំដៅប្រមូលផ្តុំឲ្យមានការចូលរួមសហការគាំទ្រទាំងសកម្មភាព ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ការពង្រឹងការស្វែងយល់បន្ថែម និងផ្សព្វផ្សាយបន្ត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ។
ឯកឧត្តម បានបន្តថា យើងដឹងហើយថា សត្រូវធំជាងគេក្នុងការអភិវឌ្ឍន៍ប្រទេស គឺគ្រឿងញៀនសម្រាប់ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំយកចិត្តទុកដាក់ជាទីបំផុត លើគោលដៅអាទិភាពមួយ ក្នុងគោលដៅអាទិភាពជាច្រើន ដើម្បីសម្រេច បាននូវគោលនយោបាយខាងលើ គឺការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសការប្រឆាំង និងសកម្មភាពខុសច្បាប់ពាក់ព័ន្ធ នឹងគ្រឿងញៀន រួមមាន ៖ ការកាត់បន្ថយតម្រូវការគ្រឿងញៀន កាត់បន្ថយការផ្គត់ផ្គង់គ្រឿងញៀន ការព្យាបាលស្តារនីតិសម្បទា និងការធ្វើ សមាហរណកម្ម ការពង្រឹងសមត្ថភាពការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។
ឯកឧត្តម ចម ប្រសិទ្ធ បានបន្តទៀតថា នៅក្នុងការអនុវត្តផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី២នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំវេទិកានេះ ដើម្បីជួបជាមួយវិស័យឯកជន សំដៅប្រមូលផ្តុំឲ្យមានការចូលរួមសហការគាំទ្រទាំងសកម្មភាព ក្នុងចលនាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពង្រឹងការ ស្វែងយល់ បន្ថែមនិងផ្សព្វផ្សាយបន្ត ក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នេះ ដើម្បីបំផុសសកម្មភាព ឲ្យមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងមហាជនក្នុងសង្គម ដែលបង្កើតបាន ជាចលនាជាតិក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅក្នុងវេទិការនេះ វាគ្មិនរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏បានលើកឡើងនូវប្រធានបទស្តីពី ប្រភេទគ្រឿងញៀន បញ្ហាគ្រឿងញៀន និងសារសំរាប់ អប់រំនិងបង្ការគ្រឿងញៀន ក្នុងគោលបំណងរួមគ្នាកាត់បន្ថយជាបណ្តើរៗ ទប់ស្កាត់ និងឈានទៅរកការលុបបំបាត់នូវរាល់ការផលិត ការចែកចាយ លក់ ឬការចែកចាយប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់ វិស័យឧស្សាហកម្ម និងសិប្បកម្ម៕