ម្ចាស់​ក្រុមហ៊ុន​ជាង​១​ពាន់​នាក់​នឹង​ជួបជុំគ្នា​ចាប់​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ​

49

ភ្នំពេញ៖ ម្ចាស់​ក្រុមហ៊ុន​ជិត​ក្នុងស្រុក​ជាង​១​ពាន់​នាក់​នឹង​ជួបជុំគ្នា ដើម្បី​ទាញ​យក​ឱកាស​ចាប់​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគ​ហើយ​កម្មវិធី​នេះ​រៀបចំឡើង ដោយ​CEO Master Club​នៅ​ថ្ងៃ​ទី​១៤ ខែតុលា​នេះ​។​

លោក ខាត់ បូរ៉ា អគ្គនាយក CEO Master Club​ថ្លែងប្រាប់​​​ឲ្យ​ដឹង​ថា ក្រុម​អ្នកជំនួញ​ជា​អាជីវកម្ម​របស់​កម្ពុជា​ជាង​១​ពាន់​នាក់​នឹង​ជួបជុំគ្នា​បង្កើត​ឱកាស​ចាប់ដៃ​គូរ​ពាណិជ្ជ​កម្ម​ជាមួយគ្នា​នៅក្នុង​កម្មវិធី​CEO Award ប្រចាំឆ្នាំ​២០១៧ ដែល​រៀបចំឡើង​ដោយ​CEO Master Club​ប្រព្រឹត្តទៅ​ថ្ងៃទី​១៤ ខែ តុលា ឆ្នាំ​២០១៧ នា​សណ្ឋាគារ​សុខាអូតែល​។​

លោក​បាន​បន្តទៀតថា កម្មវិធី​នេះ​គឺជា​ជំនួប​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មិន​ធ្លាប់មាន ហើយ​ក្នុង​គោលបំណង​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម​រវាង​អ្នកជំនួញ​ក្នុងស្រុក​ដើម្បី​បង្កើត​ឱកាស​ថ្មីៗ ការស្វែងរក​ទីផ្សារ​លក់​សេវាកម្ម​និង​ផលិតផល​ដែលមាន​ស្រាប់​មិនមាន​ទីផ្សារ​នៅឡើយ​នោះ​។​

លោក​បាន​បញ្ជាក់​ថា សម្រាប់​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ដែល​ចូលរួម​ព្រឹត្តិការណ៍​នេះ​មាន​អ្នករកស៊ី​និង​អ្នក​វិនិយោគ​អាច​បោះទុន​ឬ​វិនិយោគ​ជាមួយគ្នា​ដើម្បី​ឲ្យ​អាជីវកម្ម​កាន់តែ​រីក​ធំ​ជាង​មុន​។​

ចំណែក អ្នកនាង ប៉ែន ស្រីអូន សហគ្រិន​វ័យក្មេង​ដែល​នឹងចូលរួម​កម្មវិធី CEO Award ប្រចាំឆ្នាំ​២០១៧​បាន​លើកឡើងថា ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​នឹង​ទទួលបាន​ផល​ច្រើនជាង​មុន​ក្នុង​កម្មវិធី CEO Award ប្រចាំឆ្នាំ​២០១៧ ព្រោះ​អាចធ្វើ​ឲ្យ​ពួកគាត់​ស្គាល់​ម្ចាស់​អាជីវកម្ម​កាន់តែច្រើន​និង​មាន​ដៃ​គួរ​ផ្គត់ផ្គង់​ធំ​ជាង​មុន​។​

អ្នកនាង​បាន​បន្ថែមទៀតថា បើសិនជា​គ្រប់​ម្ចាស់​អាជីវកម្ម​ចេះ​ចាប់យក​ពេលវេលា​នឹងធ្វើ​ឲ្យ​ម្ចាស់​សហគ្រិន​ខ្មែរ​កាន់​តែមាន​សក្ដានុពល​ខ្ពស់ជាង​មុន ហើយ​អាច​ស្វែងរក​ដៃគូរ​វិនិយោគ​បន្ថែមទៀត​។​

សម្រាប់​លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា​បាន​ថ្លែងថា សមាគម​សហគ្រិន​ស្ត្រី​មានបំណង​ចង់​ពង្រឹង​សមត្ថភាព​សមាជិក​របស់ខ្លួន ដោយសារតែ​សព្វ​ថ្ងែ​ពួកគាត់​មានចំណេះដឹង​នៅមានកម្រិត​នៅឡើយ​ទាំង​ហិរញ្ញវត្ថុ​និង​ការផលិត​។

លោកស្រី​បាន​ឲ្យ​ដឹងថា ដោយសារតែ​សមាហរណកម្ម​អាស៊ាន​កាន់តែ​ខិត​ជិត​មកដល់ ហើយ​ទំនិញ​ទាំងឡាយ នឹង​ហូរ​ចូលមក​គ្របដណ្តប់​លើ​ទីផ្សារ​កម្ពុជា​ធ្វើ​ឲ្យ​សហគ្រាស​ក្នុងស្រុក​ប្រឈម​ហានិភ័យ​ខ្ពស់​។​

យោង​តាម​អ្នកជំនាញ​បង្វឹក អ្នកដឹកនាំ​ធុរកិច្ច​កំពូល​នៅ CEO Master Club បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ជំនួប​ម្ចាស់​អាជីវកម្ម​ធំៗ​នាពេល​ខាងមុខនេះ និង​ថៅកែ​ក្រុមហ៊ុន​នាពេល​កន្លងមក​នឹងធ្វើ​ឲ្យ​ពួកគាត់​ស្គាល់គ្នា​ទាក់ទង​គ្នា ដើម្បី​សហការគ្នា និង​ដោះដូរ​សេវាកម្ម ជំរុញ​ឲ្យ​អាជីវកម្ម​ពួកគាត់​កាន់តែ​រីកចម្រើន​ទៅមុខទៀត​៕​