ក្រុម​អ្នក​តវ៉ា​​​រាប់​ពាន់​នាក់​​ធ្វើ​បាតុកម្ម​​នៅ​​​ក្នុង​ទីក្រុង​ Barcelona ​ប្រឆាំង​នឹង​​រដ្ឋាភិបាល​​​​អេស្ប៉ាញ

132

អេស្ប៉ាញ៖ ក្រុម​បាតុករ​រាប់​ពាន់​នាក់​​បាន​ប្រមូល​ផ្ដុំ​​គ្នា​ នៅ​​ខាង​ក្រៅ​​ទីស្នាក់ការ​​របស់​គណបក្ស​​ប្រជាជន​​តំបន់​​កាតាឡូនី​​ក្នុង​ក្រុង​ Barcelona ​កាល​ពី​ថ្ងៃ​អង្គារ​​​ម្សិលមិញ​ ដើម្បី​​ប្រឆាំង​តវ៉ា​​ទៅ​នឹង​រដ្ឋាភិបាល​​អេស្ប៉ាញ​​បន្ទាប់​ពី​មនុស្ស​រាប់​រយ​នាក់​​បាន​រង​របួស ​​​​នៅ​ពេល​ដែល​​នគរបាល​អេស្ប៉ាញ​​​​បាន​បង្អាក់​ដល់ការ​បោះ​ប្រជា​មតិ​នៅ​ទូទាំង​​​តំបន់​​កាតាឡូនី​នោះ។

​ដោយ​ឡែក​​ក្រុម​ពន្លត់​​អគ្គិភ័យ​​ដែល​ស្ថិត​​ក្នុង​​ឯកសណ្ឋាន ១​ក្រុម​បាន​ចូល​​រួម​ជាមួយ​​អ្នក​តវ៉ា ដោយ​បាន​ធ្វើ​​ការ​បិទ​ច្រក​រវាង​​អ្នក​តវ៉ា និង​​ក្រុម​សមត្ថកិច្ច ​​នៅ​ក្នុង​កិច្ច​​ប្រឹង​ប្រែង​ដើម្បី​បញ្ចៀស​ការ​ប្រទូស្ត​រាយ​គ្នា​ ហើយ​នឹង​​​បន្ថយ​ភាព​តាន​​តឹង​​ដែល​កំពុង​​​តែ​ឡើង​កំដៅ​ ​ចាប់​តាំង​ពី​​ការ​បោះ​​ប្រជា​មតិ​​បាន​​ចាប់​ផ្ដើម​​ធ្វើ​កាល​ពី​ថ្ងៃ​អាទិត្យ​​កន្លង​មក​នោះ។ ដោយ​ឡែក​​​ក្រុម​គាំទ្រ​​ឯករាជ្យ​​ និង​ក្រុម​សហជីព​​ពាណិជ្ជកម្ម​​នៅ​ក្នុង​តំបន់​កាតាឡូនី​​ ​ក៏​បាន​អំពាវនាវ​​​​ឲ្យ​ធ្វើ​កុប្បកម្ម​​នៅ​ទូទាំង​​ប្រទេស​ដែរ​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​​នេះ​ ដើម្បី​ប្រឆាំង​​នឹង​​ចំណាត់​ការ​​របស់​​ក្រុង​ម៉ាឌ្រីដ​​ដែល​បាន​​បញ្ឈប់​​ការ​បោះ​​ប្រជា​មតិ​​របស់​ពួក​គេ៕

អត្ថបទ៖ មករា