វគ្គ​ជម្រុះ​ពានរង្វាន់ AFC U19 លើ​ទឹកដី​កម្ពុជា​ត្រូវ​បាន​លើក​មក​ប្រកួត​ចុង​ខែ​នេះ​វិញ​

169

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ជើងឯក​អាស៊ី AFC U19 Championship 2018 ប្រចាំ​ពូ​ល G ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា​ខាងមុខ ត្រូវ​បាន​លើក​មក​ប្រកួត​ចាប់ពី​ថ្ងៃ​ទី​២៤ រហូតដល់​ថ្ងៃ​ទី​២៨ ខែ​តុលា​នេះ​វិញ​ហើយ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។

ដំណាលគ្នា​នឹង​ការផ្លាស់ប្ដូរ​កាលបរិច្ឆេទ​ខាងលើ សហព័ន្ធ​ក៏បាន​ជូនដំណឹង​អំពី​ការផ្លាស់ប្ដូរ​ទីលាន​ប្រកួត​លី​ហ្គ​កំពូល​កម្ពុជា​ចំនួន ៥​ប្រកួត បន្ទាប់ពី​ជាន់​ជាមួយ​កម្មវិធី​ប្រកួត​ជម្រុះ​ពានរង្វាន់​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ជើងឯក​អាស៊ី​ផង​ដែរ ដោយ​ប្ដូរ​ទៅលេង​នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​តែមួយគត់ រួមមាន​ក្រុម​បឹងកេតជួប​ក្រុម​ស៊ីម៉ាក់ និង​ក្រុម​ណាហ្គា​វើ​លជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងនៅ​ថ្ងៃ​ទី​២១ ខែ​តុលា​។ ក្រុម​អគ្គិសនី​កម្ពុជាជួប​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ក្រុម​អាស៊ី​អឺរ៉ុបជួប​ក្រុម​វេ​ស្ទើ​ននៅ​ថ្ងៃ​ទី​២២ ខែ​តុលា រួម​ទាំង​ក្រុម​បឹងកេតជួប​ក្រុម​គិរីវង់​សុខ​សែន​ជ័យនៅ​ថ្ងៃ​ទី​២៨ ខែ​តុលា​ផង​ដែរ។


គួរ​បញ្ជាក់​ថា ការប្រកួត​ជម្រុះ​ពានរង្វាន់ AFC U19 Championship 2018 ដែល​គ្រោង​ធ្វើឡើង​ដំណាល​គ្នា​នៅ​ចុងខែ​តុលា និង​ដើមខែ​វិច្ឆិកាឆ្នាំ​២០១៧​នេះ គឺ​បែង​ចែក​ជា ១០​ពូ​ល​ស្មើនឹង ៤២​ក្រុម​ចូលរួម ក្នុង​នោះ​កម្ពុជា គឺ​ទទួល​បាន​សិទ្ធិ​រៀបចំខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ពូ​ល G​ ចាប់ពី​ថ្ងៃ​ទី​២៤ រហូតដល់​ថ្ងៃ​ទី​២៨ ខែ​តុលា ដោយមាន​ក្រុម​ភ្ញៀវ​ជា​គូប្រជែង ៣​ក្រុម​ផ្សេងទៀត រួមមាន​ក្រុម​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ចិន មី​យ៉ាន់​ម៉ា និង​ក្រុម​យុវជន​ហ្វីលីពីន​ដែល​ក្រុម​ទាំង​៤ នឹង​ប្រជែង​គ្នា​ស្វែងរក​កៅអី​កំពូល​តារាង​រៀង​ៗ​ខ្លួន ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត៕

អត្ថបទ លី ឈុន​ឡា