ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ចិន​ នឹង​សាងសង់​សណ្ឋាគារ​៦០​ជាន់​ នៅ​រាជធានី​ភ្នំពេញ

466

ភ្នំពេញ ៖ ក្រុមហ៊ុន​អចលនទ្រព្យ​យក្ស​មកពី​ប្រទេស​ចិន Prince Real Estate នឹង​បោះទុន​ជាច្រើន​លាន​ដុល្លារ ​ដើម្បី​សាងសង់​សណ្ឋាគារ​កម្ពស់​៦០​ជាន់​ថ្មី​មួយ ​នៅ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ស្ថិតនៅ​ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់ ​ក្រោយ​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​គ្រោង​អគារ​ខុន​ដូ​គម្រោង​ទី​១​កាល​ពីពេល​ថ្មីៗ​នេះ​។

អគ្គនាយក​ក្រុមហ៊ុន ព្រី​នល៍ រៀល​អ៊ី​ស្ទេ​ត ខេ​ម​បូ​ឌា អ៊ិន​វេស​ម៉ិ​ន លោក Li Min ​បានអោយដឹង​នៅ​ក្នុង​ពិធីបុណ្យ​អបអរ​ថ្ងៃ​សែន​ព្រះ​ខែ ​ថា ក្រុមហ៊ុន Prince Real Estate នឹង​សម្រេច​បោះ​ទុន​ខ្ទង់លាន​ដុល្លារ​បន្ថែម​ ដើម្បី​សាងសង់​គម្រោង​ទី​២​ របស់ខ្លួន​ ដែល​ជា​ប្រភេទ​សណ្ឋាគារ​ប្រណិត​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​គ្រោង​នឹង​ចំណាយ​ពេល​ប្រហែល​៥​ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​នេះ​។

លោក ​បាន​បន្តថា ​ការសម្រេច​បោះទុន​បន្ថែម​ដើម្បី​សាងសង់​គម្រោង​ទី​២​នេះ ​គឺ​ដោយសារ​លោក​មើល​ឃើញ វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​ កំពុង​មាន​សន្ទុះ​ខ្លាំង​ ដែល​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ការ​វិនិយោគ​ទៅលើ​អគារ​កម្ពស់​ខ្ពស់ៗ ​និង​ប្រណិតៗ ​ក្នុងប្រទេស​កម្ពុជា​។

អគ្គនាយក​ក្រុមហ៊ុន​ខាងលើ បាន​បន្ថែមថា ​គម្រោង​សណ្ឋាគារ​កម្ពស់​៦០​ជាន់​នេះ​ នឹង​មាន​រួមបញ្ចូល​ទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ​ខុន​ដូ​សម្រាប់​លក់​ កន្លែង​កម្សាន្ត​ផ្សេងៗ ​និង​តំបន់​ស្នាក់នៅ​ពហុ​វិស័យ​ផងដែរ​ ដើម្បី​ប្រែក្លាយ​តំបន់​ដែល​កំពុង​មាន​សក្តានុពល​មួយ​នេះ ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ដ៏​សំបូរ​បែប​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។

លោក ​Li Min អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​ បានលើកឡើង​បន្តថា ​បើ​ក្រឡេក​មើល​មក​គម្រោង​ទី​១​របស់​ក្រុមហ៊ុន​ Prince Real Estate វិញ បច្ចុប្បន្ន​បាន​បញ្ចប់​ការសាងសង់ ​ក្នុង​គ្រោង​អគារ​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ ​ជាមួយ​ នឹង​ការ​បញ្ជា​ទិញ​ពី​អតិថិជន​រហូតដល់​៧០%​

ទីផ្សារ​សណ្ឋាគារ​នៅ​កម្ពុជា ​កំពុង​មាន​ការរីកចំរើន ​ស្រប​ពេល​ដែល​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ អន្តរជាតិ​កើន​ឡើង​ជា​រៀងរាល់ឆ្នាំ ​ដោយ​ចំនួន​សណ្ឋាគារ​ល្បីៗ​ ជាច្រើន​បា​បង្ហាញ​វត្ត​មាននៅ​កម្ពុជា​។

លោកស្រី ​ឆាយ ស៊ីវ​លីន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​បាន​ថ្លែងថា ​វិស័យ​ឯកជន​សូម​ស្វាគមន៍​គម្រោង ​វិនិយោគ​ដ៏​ធំ​នេះ​ ដែល​គម្រោង​នេះ ​នឹង​ជា​ការ​ជួយ​ទាក់ទាញ ​និង​ផ្តល់​ទំនុក​ចិត្ត​បន្ថែម​ដល់​អ្នក​វិនិយោគ​ផ្សេងៗ​ទៀត​ ឲ្យ​មក​បណ្តាក់ទុន​នៅ​កម្ពុជា ព្រោះ​មុន​វិនិយោគ​ពួកគេ​បាន​សិក្សា​ទីផ្សារ ​និង​មើល​ឃើញ​សក្តានុពល​ដែល​កម្ពុ​ជា​មាន​រួចហើយ​ ទើប​ពួកគេ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។

លោកស្រី ​បន្តថា វិស័យ​សណ្ឋាគារ​នៅ​កម្ពុជា​កំពុង​មាន​ការរីកចំរើន​ ដោយសារ​ការ​កើនឡើង​នូវ​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ​ដែល​ធ្វើ​ពេលខ្លះ​យើង​ខ្វះ​បន្ទប់​នៅ​រដូវ​បុណ្យទាន​នានា ​ប៉ុន្តែ​ការ​វិនិយោគ​កំពុង​កើនឡើង​ទាំង​ចំនួន ​និង​ស្តង់ដារ​សណ្ឋាគារ​ដែល​កាន់តែ​មាន​ភាព​ប្រណីត​ និង​ស្តង់ដារ​អន្តរជាតិ​៕