វីរៈ​កីឡា​ការិនី កែ ឡេង ប្ដេជ្ញា​ចិត្ត​ការពារ​មេដាយ​មាស​ពិភពលោក​ឲ្យ​បាន ​៣​ជំនាន់​ជាប់​គ្នា

48

​ប៉េតង់៖ វីរៈ​កីឡា​ការិនី​កីឡា​ប៉េតង់​កម្ពុជាអ្នកស្រី កែ ឡេង បាន​នឹង​កំពុង​សម្រុក​ហ្វឹកហាត់​ជា​ខ្លាំង ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​ផ្នែក​នារី​ឆ្នាំ​២០១៧ នៅ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​នា​ដើមខែ​ក្រោយ មិនតែប៉ុណ្ណោះ​ម្ចាស់​មេដាយ​មាស ២​ជំនាន់​រូប​នេះ ថែម​ទាំង​ប្ដេជ្ញា​ចិត្ត​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ការពារ​មេដាយ​មាស​ពិភពលោក​ឲ្យ​បាន ៣​ជំនាន់​ជាប់​គ្នា​ថែម​ទៀត​ផង​។​

ថ្លែង​ប្រាប់​អំឡុង​ពេល​ហ្វឹកហាត់​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​​អ្នកស្រី កែ ឡេង បាន​ឲ្យ​ដឹង​ថា ខណៈ​ពេលនេះ​អ្នកស្រី និង​កីឡា​ការិនីដែល​ត្រៀម​ជើងឯក​ពិភពលោក​ឆ្នាំនេះ សុទ្ធតែ​សម្រុក​ហ្វឹកហាត់​ដូចគ្នា ទោះ​ខែ​នេះ​មាន​ឧបសគ្គ​ជុំវិញ​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​យ៉ាងណាក៏ដោយ​។ អ្វី​ដែល​សំខាន់​ក្នុងនាម​ជា​កីឡា​ការិនី​ការពារ​មេដាយ​មាស ការ​ហ្វឹក​ហាត់​គឺជា​រឿង​សំខាន់ដែល​អ្នកស្រី​ត្រូវ​ផ្ដោត ដើម្បី​សម្រេច​បំណង​ឆ្ពោះ​ទៅ​ដណ្ដើម​ឲ្យ​បាន​មេដាយ​មាស​ពិភពលោក ៣​ជំនាន់​ជាប់​គ្នា។​ ទន្ទឹម​នឹង​ការ​ព្យា​យាម​ហ្វឹកហាត់​លើ​ទីលាន​ក្នុងស្រុក​បែបនេះ ម្ចាស់​មេដាយ​មាស​កីឡា​ស៊ី​ហ្គេមលើក​ទី​២៩ ដដែល ក៏បាន​សម្ដែង​ការ​ព្រួយ​បារម្ភចំពោះ​អាកាសធាតុ និង​ទីលាន​នៅ​ទីនោះ​ផង​ដែរ ព្រោះ​ក្រុម​កីឡា​ប៉េតង់​កម្ពុជាពុំ​ធ្លាប់​មាន​បទពិសោធន៍​ទៅ​ប្រកួត ឬ​ដឹង​ពី​ស្ថានភាព​ទីលាន​របស់​ម្ចាស់ផ្ទះ​ចិន​នោះ​ទេ​។ ម្យ៉ាងវិញទៀតការ​ធ្វើ​ដំណើរ​ក៏​គៀក​ថ្ងៃ​ប្រកួត​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកស្រី​មានការ​ព្រួយបារម្ភ ព្រោះ​វា​ខុសប្លែក​កាលពី​អ្នកស្រីធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស ២​លើក​មុនដែល​បាន​ចេញទៅ​ត្រៀម​លើទឹក​ដី​ម្ចាស់ផ្ទះ ១​សប្ដាហ៍​មុន​ការប្រកួត​ផ្លូវការ។

សូម​បញ្ជាក់​ថា សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោកផ្នែក​នារីឆ្នាំ​២០១៧ ដែល​ចិន​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ តាម​គម្រោង​នឹង​មាន​អត្ត​ពលិក​ម​ក​ពី​ជាង ៥០​ប្រទេស​ចូលរួម ខណៈ​សហព័ន្ធ​កីឡា​ប៉េតង់​កម្ពុជាបានសម្រេច​បញ្ជូន​កីឡា​ការិនី ៤​រូប​ទៅ​ចូលរួម​គឺ​មាន​កីឡា​ការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង​កីឡា​ការិនី​វ័យក្មេង ស្រ៊ាង សុរ៉ា​ឃីម​។ ចំណែក​កម្មវិធី​ប្រកួត​ផ្លូវការនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០៨ រហូតដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ៕

អត្ថបទ លី ឈុន​ឡា