ក្រសួង​ការងារ​ត្រូវ​ការ ៣​ពិន្ទុ​ថ្ងៃ​បើក​ឆាក​ជា​ទុន​ឆ្ពោះ​ទៅ​ការពារ​ជើងឯក​ពាន​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៥

47

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័នលើក​ទី​៥ នឹង​បើក​ការប្រកួត​ផ្លូវការ​នា​ថ្ងៃ​ទី​០៧ ខែ​តុលា​ស្អែក​នេះ​ហើយ ខណៈ​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ប្រកួត​បើកឆាក​ពូ​ល​A ជាមួយ​ក្រុម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​លើ​ទីលាន Premium Sport Club ហើយ​ក្រសួង​ការងារថែមទាំង​ប្ដេជ្ញា​ចិត្ត​រក​បាន ៣​ពិន្ទុ​ពី​ការប្រកួត​ដំបូង​របស់​ខ្លួន សម្រាប់​ធ្វើ​ដើមទុន​ឆ្ពោះ​ទៅ​ការពារ​តំណែង​ជើងឯក​នា​រដូវ​កាល​ថ្មី​នេះ​ទៀត​ផង។លោក អ៊ូ រតនា ថ្នាក់ដឹកនាំ​ក្រុម​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ថ្លែង​ប្រាប់​អំឡុង​ពេល​ហ្វឹកហាត់​លើ​ទីលាន All Sport កាលពី​យប់មិញ​ថា ក្រុម​ក្រសួង​ការងារ​បាន​ផ្លាស់ប្ដូរ​កីឡាករ​ថ្មី​ប្រមាណ ៤០% ដើម្បី​ត្រៀម​ពាន​មិន​អាជីព​ខាងលើ​នា​រដូវ​កាល​ថ្មី​នេះ។ ចំពោះ​សមាសភាព​គូប្រជែង​ក្នុង​ពូ​ល A ក៏​មិនធម្មតា​ដែរ ដូច្នេះ​យោង​តាម​បទពិសោធន៍​ប្រមូលផ្ដុំ​ជិត ៣​ខែ​កន្លងទៅ​លោក​រំពឹង​ថា កូន​ក្រុម​ទាំងអស់នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ការពារ​ជើងឯក​ពិសេស​គឺ​ការ​ប្ដេជ្ញា​យក​ឲ្យ​បាន ៣​ពិន្ទុ​នៅ​ថ្ងៃ​បើកឆាក​ស្អែក​នេះ បើ​ទោះ​បី​ក្រុម​ក្រសួង​សេដ្ឋកិច្ចមិន​មែន​ជា​ក្រុម​អន់​ក៏ដោយ។​ ​ដោយឡែក​កីឡាករ ថឹ​ម ប៊ុន​រ័ត្ន អ្នកចាំទី​របស់​ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ដែរ​ថា រដូវ​កាល​ថ្មី​នេះក្រុម​ខ្លួន​មិន​ព្រងើយ​កន្តើយ​ជុំវិញ​ការ​ហ្វឹក​ហាត់​ឡើយ ព្រោះ​ជា​ក្រុម​ការពារ​តំណែង​ជើងឯក។

ម្យ៉ាង​ក្រុម​មកពី​បណ្ដា​ក្រសួង​-​ស្ថាប័ន​ផ្សេងៗ ពិសេស​គូប្រជែង​ក្នុង​ពូ​លសុទ្ធតែ​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ដូច​ៗ​គ្នា ដើម្បី​ចូលរួម​ប្រកួត​ពានរង្វាន់​លក្ខណៈ​មិត្តភាព ហេតុនេះ​ក្រុម​ខ្លួន​មិន​អាច​ធ្វេសប្រហែស​ប្រកួត​ណាមួយ​បាន​ឡើយ។​ ​គួរ​បញ្ជាក់​ដែរ​ថា ទន្ទឹម​នឹង​ការ​ត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ឆ្នាំ​២០១៧​នេះ​លោក អ៊ូ រតនា ក៏បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្ដម អ៊ិន សំហេង រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​អនុញ្ញាត និង​គាំទ្រ​ការចូលរួម​នេះ​។ លើស​ពី​នេះម្ចាស់​ទីលាន All Sport នៅ​ជ្រោយចង្វា ក៏បាន​ឧបត្ថម្ភ​ទីលាន​សម្រាប់​ហ្វឹកហាត់ ១០០% ដល់​ក្រុម​ក្រសួង​ការងារ​ផង​ដែរ៕

អត្ថបទ៖ លី ឈុន​ឡា