លោក ពូ​ទីន អះ​អាង​ថា ពលរដ្ឋ​កូរ៉េខាងជើង​ ៤​ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​នៅ​ប្រទេស​រុស្ស៊ី

135

រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក ​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ថា ពលរដ្ឋ​កូរ៉េខាងជើង​ប្រហែលជា ​៤​ម៉ឺន​នាក់បច្ចុប្បន្ន​កំពុង​បម្រើការ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​។

​ពលករ​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ថា បាន​ផ្ទេរ​ចំណែក​ខ្លះ​នៃ​ប្រាក់ខែ​របស់​ពួកគេ​ ទៅ​ឲ្យ​ក្រុម​អាជ្ញាធរ​កូរ៉េ​ខាងជើង​។​ ថ្លែង​ទៅកាន់​វេទិកា​ថាមពលលោក ពូ​ទីន បាន​និយាយ​ថា ទីក្រុង​មូស្គូមានការ​ព្រួយបារម្ភ​ចំពោះភាព​តានតឹង​ ឡើង​កម្ដៅ​រវាង​ទីក្រុង​ព្យុងយ៉ាង និង​លោក​ខាង​លិចចំពោះ​កម្មវិធី​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង ដោយសារតែ​ខ្លួន​មាន​ព្រំដែន​រួមគ្នា​ជាមួយ​ប្រទេស​មួយ​នេះ​។​ លោក​បាន​និយាយ​ផង​ដែរ​ថា នរណា​ម្នាក់​ដែល​និយាយ​ជាមួយ​ទីក្រុង​ព្យុងយ៉ាង ដោយ​ប្រើប្រាស់​ភាសា​កម្លាំង គឺ​មានតែ​ពង្រឹង​មុខ​នាទី​របស់​ក្រុម​អាជ្ញាធរ​នៅ​ទីនោះ​តែប៉ុណ្ណោះ​៕
អត្ថបទ៖ សារ៉ាត់