ព្រះ​មហាក្សត្រ​ប្រ៊ុយណេ​ប្រារព្ធ​ខួប​ឡើង​គ្រង​រាជ​សម្បត្តិ​លើក​ទី​ ៥០​ឆ្នាំ​

104

ប្រ៊ុយណេ​៖ ព្រះ​មហាក្សត្រ​ប្រ៊ុយណេ​ដែល​ជា​ប្រទេស​សំបូរ​ប្រេង បាន​ប្រារព្ធ​ពិធី​ឡើង​គ្រង​រាជ​សម្បត្តិ​លើក​ទី​៥០​ឆ្នាំ​កាល​ពី​ថ្ងៃព្រហស្បតិ៍​ដោយ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម ​រួម​ទាំង​ក្បួន​ដង្ហែ​កាត់​តាម​រាជ​ធានី​ផង​ដែរ​។

ព្រះ​ចៅ​ Sultan Hassanal Bolkiah ព្រះ​ជន្ម ៧១​ព្រះ​វស្សា ​បច្ចុប្បន្ន​ទ្រង់​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​យូរ​ជាង​គេ​បំផុត​ទី​២ របស់​ពិភពលោក បន្ទាប់​ពី​ព្រះ​អង្គ​គ្រង​រាជ​សម្បត្តិ​នៅ​ក្នុង​ប្រទេស​តូច​នៃ​កោះ​ព័រណេអូ​ក្នុង​ឆ្នាំ​1967។ ស្ថិត​ក្នុង​ព្រះ​ព័ស្ត​តុប​តែង​ដោយ​មាស​ព្រះ​ចៅ Sultan ទ្រង់​បាន​យាង​ចូល​ក្នុង​រាជ​ធានី Bandar Seri Begawan ជាមួយ​អគ្គមហេសី​របស់​ព្រះ​អង្គ​គឺ​ម្ចាស់​ក្សត្រី​ Saleha និង​បុត្រា​បុត្រី​របស់​ព្រះ​អង្គ​គង់​លើ​ព្រះ​ទី​នាំង ដោយ​មាន​ពល​សេនា​រាជ​វាំង​ហែហម​ចំនួន ៥០​នាក់​ក្នុង​សម្លៀក​បំពាក់​តម្បាញ​ប្រពៃណី​ពណ៌​ខ្មៅ និង​ពណ៌​មាស​។

ក្រុម​តន្ត្រី​យោធា​កិត្តិយស​បាន​ប្រគំ​ឡើង​តាម​ក្បួន​ព្រះ​រាជ​ដំណើរ​ចម្ងាយ​ ៥​គីឡូម៉ែត្រ​ដែល​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​អ្នក​ចូល​រួម​នៅ​កន្លែង​ប្រារព្ធ​ពិធី​ជាង ៨​ម៉ឺន​នាក់​ដែល​អ្នក​មួយ​ចំនួន​បាន​មក​ដល់​តាំង​ពី​ម៉ោង​ ៥ព្រឹក​៕
អត្ថបទ៖ សុខ​មាន