ក្រុមហ៊ុន​បាយ័ន ​Cereal​ វិនិយោគ​៣០​ម៉ឺន​ ដុល្លារ​ធ្វើ​កិច្ចសន្យា​កសិកម្ម​ជាមួយ​កសិករ

59

ភ្នំពេញ ​៖ ក្រុមហ៊ុន​បាយ័ន Cereal ​បាន​វិនិយោគ​ទឹកប្រាក់ ៣០​ម៉ឺន​ ដុល្លារ​អាមេរិក​ធ្វើ​កិច្ចសន្យា​កសិកម្ម​ ជាមួយ​កសិករ​នៅ​ខេត្តបាត់ដំបង​ ប្រមាណ​ជិត១០០​គ្រួសារ ​ក្នុង​ផ្ទៃដី​២០០ ហិកតា​។

លោក យ៉​ន សុវណ្ណ ប្រធាន​ក្រុមហ៊ុន Bayon Cereal បាន​ថ្លែង​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ ក្រុមហ៊ុន​បានសម្រេច​យក​ទីតាំង​ទឹកដី​ខេត្ត​បាត់ដំបង​ចងក្រង​ជា​សហគមន៍​ផលិត​ស្រូវ ​ដើម្បី​បង្កើន​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ​ដោយ​បាន​បោះទុន​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ផ្ទៃដី​២០០ ហិកតា ​សម្រាប់​ស្រូវ​សង្ហា​ផល​នៅ​ឆ្នាំនេះ​។

លោក​ បាន​បន្តទៀតថា កិច្ចសន្យា​កសិកម្ម​ដែល​ក្រុមហ៊ុន​ ​បានធ្វើ​ជាមួយ​កសិករ ​ដែល មាន​រោង​ម៉ាស៊ីន​ចូលរួម​នោះ​គឺ ​ត​ភ្ជាប់​រវាង​កសិករ ​និង​ក្រុមហ៊ុន ​ដើម្បី​ធានា​តម្លៃ​ទីផ្សារ​សមរម្យ​លើ​ទីផ្សារ ។​លោក​ បាន​អះអាង​ទៀតថា​ តាមរយៈ​ការ​វិនិយោគ​នេះ ​នឹង​ជួយ​សម្រួល​ដល់​កសិករ​អ្នក​ដាំ​ដុះ​អាច​ផលិត​ស្រូវ​បាន​ហើយ​មាន​ទីផ្សារ​ទៀត ​ដែល​នេះ​ជា​ការ​ដោះស្រាយ​មួយ​ផងដែរ ​សម្រាប់​ប្រជា​កសិករ​កម្ពុជា ​ពី​វិស័យ​ឯកជន ​ហើយ​រំពឹងថា ​នឹង​ប្រមូល​ផល​ជាង​ ១​ពាន់​តោន​។

លោក​ បាន​បន្ថែមថា ​បញ្ហា​ធំ​របស់​កសិករ​រាល់ថ្ងៃ​គឺ​រាល់ពេល​ប្រមូល​ផល​ម្តងៗ​ គឺ​ស្រូវ​លក់​មិនបាន​ថ្លៃ​នោះទេ ​ដោយសារ​កសិករ​បាន​ហើយ​មិន​មាន​លទ្ធភាព​ស្តុក​ទុក​ស្រូវ ​ដែល​បញ្ហា​នេះ​តម្រូវ​ឲ្យ​មាន​ឡ សម្ងួត ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ក្រឡុក​ទីផ្សារ​តាម​អំពើ​ចិត្ត​។

សម្រាប់ លោក នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ បាន​ថ្លែងថា​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ​និង​រាជរដ្ឋាភិបាល​ស្វាគមន៍​រាល់​ការ​វិនិយោគ​ពី​វិស័យ​ ឯកជន​ផ្នែក​វិស័យ​កសិកម្ម ​ហើយ​ភាគច្រើន​ មាន​បទពិសោធន៍ ​បច្ចេកទេស​ត្រឹមត្រូវ​អាច​ផលិត​បាន​២ ​ដង​ក្នុង​មួយឆ្នាំ​។

លោក​ បាន​បន្ត​ទៀត​ថា ​ កន្លងមក​មានការ​វិនិយោគ​របស់​វិស័យ​ឯកជន​បាន​ទិន្នផល​ខ្ពស់​ និង​ថ្លៃដើម​តិច ​ដែល​ផលិត​បាន​២ រដូវ​ក្នុង​មួយឆ្នាំ ​ដែល​ខុស​ពី​ការផលិត​របស់​កសិករ​ទទួល​បាន​ទិន្នផល​ទូទាំង​ប្រទេស​ចំនួន ៣.១ តោន​ក្នុង​មួយ​ហិកតា​។

រដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​បាន​ប្រើប្រាស់ ​ថវិកា​ចំនួន ២០​លាន​ដុល្លារ​ក្នុង​ គម្រោង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្បៀង​នៅ​ក្នុង​ដំណាក់​កាល​ទី​១ ឆ្នាំ​២០១៦២០១៨៕