ក្រសួង​សេដ្ឋកិច្ច​ អនុម័ត​គម្រោង​ចំនួន​២១៣​ក្នុង​រយៈពេល​៧​ឆ្នាំ

60

ភ្នំពេញ ៖ ​​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ថ្លែងថា ​ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ ​ក្រសួង​បាន​អនុម័ត​គម្រោង​ចំនួន​២១៣ ​និង​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​៣៣៧៥​លាន​ដុល្លារ​អាមេរិក​។

លោកជំទាវ ​ងួន សុខា ​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តីពី​នីតិ​វិធី​ច្បាប់ និង​ការ​វិនិយោគ​វិស័យ​សំណង់​ និង​អចលនវត្ថុ​កម្ពុជា ​ដែល​រៀបចំ​ដោយ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុ​ជា នា​ព្រឹក​ថ្ងៃទី​៦ តុលា​នេះ​ថា​ ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ ក្រសួង​សេដ្ឋកិច្ច​បាន​ផ្តល់​អាជ្ញាប័ណ្ណ​វិនិយោគ​ ក្នុង​វិស័យ​សំណង់​ចំនួន​២១៣​គម្រោង ក្នុងនោះ​បុរី​ ចំនួន​១៣២​គម្រោង​ និង​គម្រោង​ខុន​ដូ ​និង​គម្រោង​ផ្សេងៗ​ជាច្រើន​ទៀត ​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​៣៣៧៥​លាន​ដុល្លារ​អាមេរិក​។​លោកជំទាវ​ បន្តថា វិស័យ​សំណង់​បាន​រួម​ចំណែក​១​ភាគ​១០​នៃ​ផល​ទុនជាតិ​សរុប ​និង​បាន​បង្កើត​សកម្មភាព​ការងារ​ជាច្រើន​។

លោកជំទាវ​ បន្តថា “​ការ​រីកចំរើន​វិស័យ​សំណង់ ឆ្លុះបញ្ចាំង​ពី​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព កំណើន​សេដ្ឋកិច្ច​ និង​ការ​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​សង្គម​”​។​លោកជំទាវ​ បន្តថា ​វិស័យនេះ​បាន​បង្កើត​ការងារ​ដោយផ្ទាល់​ និង​ប្រយោល​ជាច្រើន​ ដែល​បាន​រួម​ចំណែក​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ​លោក​ឧកញ៉ា​ លី ហួរ​ បាន​ថ្លែងថា ​ការរៀបចំ​សិក្ខា​សាលា​នេះ ​ពិត​ជា​មាន​សារៈសំខាន់ ដើម្បី​ឆ្លើយតប ​នឹង​ស្ថានភាព​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​លោក​ បន្តថា ​សមាគម​មាន​សមាជិក​ចំនួន​ជាង​៤០​ក្រុមហ៊ុន ​ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ធំៗ​។​លោក ​បន្តថា​ ការ​បង្កើត​សមាគម​នេះ​ ធ្វើឡើង​ក្នុង​គោលដៅ​ចែករំលែក​បទពិសោធន៍​គ្នា ដើម្បី​ស្វែងរក​ភាព​រីក​ចំរើន​ក្នុង​វិស័យនេះ ​ក៏ដូចជា ​តំណាង​សំឡេង ​មួយ​ពី​វិស័យ​ឯកជន ដើម្បី​ធ្វើការ​កាន់តែ​ជិតស្និទ្ធ ​និង​លើក​ជា​សំណូមពរ​ពី​បញ្ហា​ប្រឈម​នានា​ជូន​រដ្ឋាភិបាល​ផងដែរ​។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម​និង​សំណង់​ បាន​ឲ្យ​ដឹងថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​៧​ខែ​ឆ្នាំនេះ ​មាន​ទំហំ​ទឹកប្រាក់​ជាង​៥​ពាន់​លាន​ដុល្លារ​អាមេរិក​៕