ក្រុមហ៊ុន​ដឹកជញ្ជូន​លំដាប់​ពិភពលោក​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជា

197

ភ្នំពេញ ៖ ក្រុមហ៊ុន ដាំ​កូ​ ដែលជា​ក្រុមហ៊ុន​បម្រើ​សេវា​ដឹកជញ្ជូន​ទូទាំង​ពិភពលោក ​បាន​ឈាន​ជើង​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​ ដើម្បី​ស្វាគមន៍​អតិថិជន​បាន​កាន់​តែច្រើន​ និង​ពង្រឹង​​មូលដ្ឋាន​ទីផ្សារ​របស់​ខ្លួន​។

លោក Marco Civardi ប្រធាន​គ្រប់គ្រង​តំបន់ ក្រុមហ៊ុន ដាំ​កូ​ ប្រចាំ​ប្រទេស​វៀតណាម​កម្ពុជា ​និង​មីយ៉ាន់​ម៉ា​ បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ទីផ្សារ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ បំផុត​នៅក្នុង​តំបន់​ ដោយសារតែ​គោលនយោបាយ​ទីផ្សារ​បើកទូលាយ ​ការ​ប្រឹងប្រែង​របស់​បុគ្គលិក ​និង​ស្ថេរ ភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ​ស្រប​ពេល​ការធ្វើ​សមាហរណកម្ម​ជា​សកល​លើ​វិស័យ​ ដឹកជញ្ជូន​មានការ​កើន​ឡើង វា​ជំរុញ​ឲ្យ ​ការ​សហការ​ និង​ទំនាក់ទំនង​កាន់តែ​មាន​សារៈសំខាន់​។

ជាមួយ​នឹង​ចំណេះដឹង​យល់ច្បាស់ ​អំពី​អាជីវកម្ម​របស់​អតិថិជន​ និង​សមត្ថភាព​ព្យាករ​អំពី​បម្រែបម្រួល​ទិសដៅ​ទីផ្សារ និង​បច្ចេកវិទ្យា ក្រុមហ៊ុន ដាំ​កូ នៅតែ​បន្ត​ផ្តល់​នូវ​អត្ថប្រយោជន៍​ជូន​អតិថិជន ព្រមទាំង​ព័ត៌មាន​សំខាន់ៗ​សម្រាប់ ​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ ​របស់ខ្លួន​។​

លោក​ បន្តថា​ ការិយាល័យ​ថ្មី​នេះ រាល់​សម្ភារៈ​ការិយាល័យ​ សុទ្ធសឹងតែ​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ ដែល​វា​មាន​តួនាទី​សំខាន់ ដើម្បី​ជួយ​ឲ្យ​សម្រេច​នូវ​យុទ្ធ​សាស្ដ្រ ​ការលូតលាស់​របស់​ក្រុមហ៊ុន តាមរយៈ​ការពង្រីក​បន្ថែម​នូវ​ការ​គាំទ្រ​គ្រប់​តម្រូវការ នៃ​សេវា​ដឹកជញ្ជូន​ទៅកាន់​បណ្តា​ប្រទេស​ទូទាំង​សកលលោក​។

លោក ​Marco Civardi​ បាន​បន្តថា ​នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន ដាំ​កូ នឹង​បន្ត​ពង្រឹង​សមត្ថភាព​ផ្នែក​ឌីជីថល​ ក្នុង​វិស័យ​ដឹកជញ្ជូន​របស់ខ្លួន ​ហើយក៏​នៅតែ​វិនិយោគ​លើ​ការ​បណ្តុះបណ្តាល​ និង​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​បន្ត​ជា​អ្នក​ឈានមុខ​គេ​៕