អាណាចក្រ​បៃតង​គ្រង​ជើង​ឯក​ពាន​សម្ដេច​ ហេង សំរិន លើក​ទី​១ ខណៈ​ក្រុម​ជើង​ឯក​រង​ដាក់​គោល​ដៅ​ចូល​លេង​លីហ្គ

87

បាល់ទាត់៖ ការ​ប្រកួត​បាល់​ទាត់​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គមហា​ពញាចក្រី ហេង សំរិន រដូវ​កាល​ទី​១ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​ក្រុម​អាណាចក្រ​បៃតង​គឺ​ជា​អ្នក​គ្រង​តំណែង​ជើង​ឯក​ បន្ទាប់​ពី​យក​ឈ្នះ​ទាំង​ពិបាក​លើ​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ដោយ​លទ្ធផល ២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែ​តុលា ឆ្នាំ២០១៧នេះ។

​ឯកឧត្ដម អូស្មាន់ ហាសាន់

ការ​ប្រកួត​នេះ​ក្រុម​ចាស់​វស្សា​អាណាចក្រ​បៃតង ​គឺ​ជា​អ្នក​បំប៉ោង​សំណាញ់​ទី​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា ១​គ្រាប់​មុន​នៅ​នាទី​២២ ប៉ុន្តែ​មុន​ចប់​វគ្គ​ទី​១ កីឡាករ វ៉ាន់ ម៉ាត់សាធ បាន​ជួយ​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​តាម​ស្មើ ១-១ វិញ​នៅ​នាទី​ទី​៤១​។ ក្រោយ​បញ្ចប់​ការ​ប្រកួត​ ៤៥នាទី​ដោយ​លទ្ធផល​ស្មើ​គ្នា​បែប​នេះ ​ក្រុម​ទាំងពីរ​បាន​ព្យាយាម​វាយ​សម្រុក​កាន់​តែ​ខ្លាំងតែ​មិន​យូរ​ប៉ុន្មាន​កីឡាករ​ លឹម ចាន់លាភ បាន​ជួយ​ក្រុម​អាណាចក្រ​បៃតង់​ឲ្យ​នាំ​មុខ​ ២-១ ជា​ថ្មី ហើយ​លទ្ធផល​នេះ​បាន​រក្សា​ដល់​ចប់​ការ​ប្រកួត​ពេញ​ម៉ោង បើ​ទោះ​បី​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​មាន​ឱកាស​ច្រើន​នា​ចុង​ម៉ោង​ក៏​ដោយ។ ទន្ទឹម​នឹង​ការ​បរាជ័យ​ទាំង​សោកស្ដាយ​នេះ​ដែរ​ឯកឧត្ដម អូស្មាន់ ហាសាន់ រដ្ឋ​លេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ដែល​ចូល​រួម​គាំទ្រ​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ទទួល​បាន​ត្រឹម​ជើង​ឯក​រង​ ប៉ុន្តែ​វា​ជា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​មួយ ព្រោះ​ជា​ការ​ចូល​រួម​លើក​ដំបូង​។

មិន​តែ​ប៉ុណ្ណោះ​​ឯកឧត្ដម​ក៏​បាន​បង្ហាញ​ពី​មហិច្ឆតា​ បន្ដ​ការ​ជំរុញ​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជាឲ្យ​កាន់​តែ​រីក​ចម្រើន​ ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ផ្សេង​ៗ ពិសេស​គឺ​ការអភិវឌ្ឍន៍​ឲ្យ​ក្លាយ​ជា​ក្រុម​កម្រិត​អាជីព ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ក្រប​ខណ្ឌ​លីហ្គ​កំពូល​កម្ពុជា​ទៀត​ផង​។ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ចអតីត​យុទ្ធជន និង​យុវនីតិ​សម្បទា ដែល​ជា​ចូល​រួម​អធិបតី​ក្នុង​ពិធី​បិទ​ការ​ប្រកួត​បាន​មាន​ប្រសាសន៍​ថា​ បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​រៀប​ចំ​លើក​ដំបូង​ហើយ​នោះ នៅ​រដូវ​កាល​ក្រោយ​ៗ​នឹង​ចាប់ផ្ដើម​ការ​គ្រោង​ទុក​របស់​គណៈកម្មការ ជាមួយ​នឹង​ការ​រៀប​ចំ​ទ្រង់​ទ្រាយ​ធំ​ជាង​មុនពិសេស​គឺ​ការ​បង្កើន​ប្រាក់​រង្វាន់​តែ​ម្ដង​។ តាម​រយៈ​ពាន​កម្រិត​មហា​ជន​នេះ​ដែរ​ឯកឧត្ដម​រំពឹង​ថា យុវជន​នឹង​ងាក​មក​លេង​កីឡា​កាន់​តែ​ច្រើន​ ហើយ​ក៏​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន ដើម្បី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពាន​រង្វាន់​សម្ដេច​អគ្គ​មហា​ពញាចក្រី ហេង សំរិន រដូវ​កាល​ទី​១ គឺ​មាន ១៨​ក្រុម​ចូល​រួម ហើយ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​ជិត ៣​ខែ​កន្លង​ទៅ​ ជា​លទ្ធ​ផល​ជើង​ឯក​បាន​ទៅ​ក្រុម​អាណា​ចក្រ​បៃតង​ទទួល​បាន​ប្រាក់​រង្វាន់ ២៥​លាន​រៀល, ជើង​ឯក​រង​ក្រុម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ទទួល​បាន​ប្រាក់​រង្វាន់ ២០​លាន​រៀល​ និង​ក្រុម​លេខ​៣ បាន​ទៅ​ក្រុម​ពិស្ណុការ​ទទួល​បាន​ប្រាក់​រង្វាន់ ១៥​លាន​រៀល​។ ក្រៅ​ពី​នេះ​ក៏​មាន​ពាន​រង្វាន់​កីឡាករ​ល្អ, អ្នក​ចាំ​ទី​ល្អ ​និង​ក្រុម​លេង​មាន​ក្រម​សីលធម៌​ល្អ​ជាង​គេ​ផង​ដែរ​៕

អត្ថបទ៖ លី ឈុនឡា