មន្ត្រី​ធនាគារ​ពិភពលោក​ថា​ ការ​គ្រប់គ្រង​ការ​ធ្វើ​ចំណាកស្រុក​ បាន​ជួយ​បង្កើន​ដល់​សុខុមាលភាព ​និង​កំណើន​សេដ្ឋកិច្ច

144

ភ្នំពេញ ៖ ​មន្ត្រី​ធនាគារពិភពលោក​ នៅ​ថ្ងៃទី​៩​ ខែតុលា​នេះ​ បាន​វាយតម្លៃ​ក្នុង​របាយការណ៍​ថ្មី​របស់​ខ្លួន​ថា ​កា​រ គ្រប់គ្រង​ការ​ធ្វើ​ចំណាកស្រុក​បាន​ប្រសើរ​ នឹង​ជួយ​បង្កើន​ដល់​សុខុមាលភាព ​និង​កំណើន​សេដ្ឋកិច្ច​ប្រទេស​ក្នុង​តំបន់​។

យោងតាម​របាយការណ៍​របស់​ធនាគារពិភពលោក ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៩​ខែតុលា​នេះ​ថា ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ទេសន្តរប្រវេសក៍ (​ការធ្វើ​ចំណាកស្រុក​) ​ដើម្បី​ស្វែងរក​ការងារ​អាច​ជួយ​បង្កើន​សុខុមាលភាព​របស់​កម្មករ​ និង​បង្កើន​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​កាន់តែ​ប្រសើរ​។

របាយការណ៍ ​ដែល​មាន​ចំណងជើង​ថា ​ការធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ឱកាស​ បាន​ឲ្យ​ដឹងថា ចំណាកស្រុក​ទៅ​ក្រៅ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ បាន​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩៥ ​ដល់ ២០១៥​ ដោយ​បាន​ប្រែក្លាយ​ប្រទេស ​ម៉ាឡេស៊ី ​សឹង្ហ បូរី និង​ថៃឡង់​ ទៅជា​ទីកន្លែង​សម្រាប់​ពលករ​ចំណាកស្រុក ចំនួន ៦,៥​លាន​នាក់​រស់​នៅក្នុង​តំបន់​នេះ​ គឺ​ស្មើនឹង ៩៦%​នៃ​ចំនួន​ពលករ​ចំណាកស្រុក​នៅ​ក្នុង​តំបន់​អាស៊ាន​។

លោក ស៊ុ​ឌៀ សេត​ទី ប្រធាន​សេដ្ឋកិច្ចវិទូ​របស់​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក ​បាន​ថ្លែងថា ​ជាមួយ​ នឹង​ការជ្រើសរើស​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​ប្រទេស​បញ្ជូន​ពល​ករ​ចេញ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​នៃ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ ស្រប​ពេល​ដែល​មានការ​គាំពារ​ពលករ​ចំណាកស្រុក​ដែល​ជ្រើសរើស​ទៅ​ធ្វើ​ការ​ក្រៅប្រទេស​។

លោក​ បាន​ថ្លែង​ទៀតថា ​នៅក្នុង​ប្រទេស​ទទួលយក​ពលករ ពលករ​បរទេស​អាច​បំពេញ​នូវ​កង្វះខាត​កម្លាំង​ពលកម្ម ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​ ប្រសិនបើ​គោលនយោបាយ​ទេសន្តរប្រវេសក៍ ​ដើរ​ស្របគ្នា​ជាមួយ​ នឹង​តម្រូវការ​ផ្នែក​សេដ្ឋកិច្ច​។

ចំណែក លោក ម៉​រ៉ូ តេ​ស្តា​វើដ​ ដែល​ជា​អ្នកដឹកនាំ​សរសេរ​របាយការណ៍​នេះ ​បាន​មានប្រសាសន៍ថា មិន​ថា​ពលករ​ចង់​ធ្វើ​ចំណាកស្រុក​ទៅកាន់​ទីណា​ទេ​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ​ ពួកគេ​ប្រឈម​នឹង​បម្លាស់ទី ​ដែល​ត្រូវ​ចំណាយ​បី​ ឬ​បួន​ដង ​នៃ​ប្រាក់បៀវត្សរ៍​មធ្យម​ប្រចាំឆ្នាំ​របស់ខ្លួន​។

លោក​ បាន​បន្ថែម​ទៀតថា ​ការ​កែ​លម្អ​ដំណើរការ​នៃ​ការ​ធ្វើ​ចំណាកស្រុក ​អាច​ជួយ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​របស់​ពលករ​ទាំង​នេះ​នាពេល​អនាគត និង​ជួយ​ប្រទេស​ទាំងនេះ​ឆ្លើយ​តប​បាន​ប្រសើរ​ទៅ នឹង​តម្រូវការ​ទីផ្សារ​ពលកម្ម​របស់ខ្លួន​។

របាយការណ៍​បាន​ប៉ាន់ប្រមាណ​ថា​ ការកាត់បន្ថយ​ឧបសគ្គ​ចំពោះ​បម្លាស់ទី​ពលកម្ម ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សុខ​មាលភាព​របស់​កម្ម​ករ ​គឺអាច​បង្កើន​សុខមាលភាព​របស់​ពួកគេ​បាន ១៤%​ប្រសិនបើ​ផ្តោត​តែ​ទៅលើ​ក្រុម​ពលករ​ដែល​មាន​ជំនាញ​ខ្ពស់​និង​អាច​បង្កើនបាន ​២៩%​ប្រសិនបើ​ផ្តោតទៅលើ​ក្រុម​ពលករ​ទាំងអស់​។

ធនាគារពិភពលោក​ បាន​លើ​ក​ឡើង​ថា ពលករ​ចំណាកស្រុក​នៃ​ប្រទេស​អាស៊ាន​ដែល​មាន​ជំនាញ​ទាប​និង​ភាគច្រើន​គ្មាន​លិខិតស្នាម​ត្រឹមត្រូវ ​បាន​ធ្វើ​បម្លាស់​ទី​ដើម្បី​ស្វែងរក​ឱកាស​សេដ្ឋកិច្ច ភាគច្រើន​នៅ​ក្នុង​វិស័យ​សំណង់ ​ដាំ​ដុះ និង​ការបម្រើ​តាម​ផ្ទះ​។​មានការ​ងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់ៗ​ត្រូវការ​អ្នកធ្វើ​ក៏ប៉ុន្តែ​ពលករ​ជាច្រើន​ជានិច្ច​ជា​កាល​គ្មាន​លទ្ធភាព​អាច​ឆក់​យក​អត្ថប្រយោជន៍​ពី​ឱកាស​ទាំងនេះ ឬ​ការងារ​បែបនេះ​ទេ​។

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ បាន​ចាប់​ផ្តើម​សម្របសម្រួល​ដល់​បម្លាស់​ទី​ពលកម្ម​ហើយ​ ក៏ប៉ុន្តែ បទបញ្ញត្តិ​ ជាច្រើន ​គឺ​គ្របដណ្ដប់ ​តែ​ទៅលើ​អ្នកមាន​មុខរបរ​អាជីព​ជាក់លាក់​ ដូចជា​ វេជ្ជបណ្ឌិត ទន្តពេទ្យ ​គិលានុបដ្ឋាក​ វិស្វករ ស្ថាបត្យករ​ គណនេយ្យករ​ និង​អ្នក​អាជីព​ផែ្នក​ទេសចរ​ ឬ​ស្មើនឹង​៥%​ប៉ុណ្ណោះ​នៃ​ការងារ​នៅ​ក្នុង​តំបន់​នេះ​៕