សម្តេច​តេ​ជោ ហ៊ុន សែន ផ្លូវ ស្ពាន ព្រែក​ព្នៅ​នឹង​បើក​ឱ្យ​ឆ្លងកាត់​ដោយ​មិន​បង់ថ្លៃ នៅ​ពាក់​កណ្តាល​ខែ​តុលា​

402

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើការ​ប្រកាស​ជា​សាធារណៈ​ថា ផ្លូវ និង​ស្ពាន លី​យុង​ផាត់​(​ស្ពាន​ព្រែក​ព្នៅ​) នឹង​បើក​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ឆ្លងកាត់​ដោយ​មិន​ចាំបាច់​បង់ថ្លៃ​ទៀត​ទេ ចាប់ពី​ម៉ោង​០០ ថ្ងៃ​ទី​១៥​ ខែ​តុលា​ឆ្នាំ​២០១៧​នេះ​តទៅ​។​

​​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​យ៉ាង​ដូច្នេះ ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​ជយលាភី​ថ្នាក់​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា​ជិត​៦​ពាន់​នាក់​នៅ​សាល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

​​​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​បន្តថា ទោះបី​ក្រុមហ៊ុន​វិនិយោគ​លី​យុង​ផាត់ ទើបតែ​ទទួល​ផល​ទាញ​យក​ផល​បាន​ក្នុង​រយៈពេល​៧​ឆ្នាំ ហើយ​នៅសល់​រយៈពេល​៣៣​ឆ្នាំ​ទៀត ប៉ុន្តែ​ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ទិញយក​ស្ពាន​ព្រែក​ព្នៅ ត្រឡប់មកវិញ​បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ដោយ​មិន​ចាំបាច់​បង់​ថ្ងៃ​។​

​​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់​បើ​ខ្វះ​ការ​យកចិត្តទុកដាក់​ទៅលើ​ការសាងសង់​បន្ថែម ប៉ុន្តែ​បញ្ហា​ទាក់ទង​នឹង​ការ មិន​ជួសជុល​និង​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ក៏​នឹង​បង្កើត​នូវ​ឧបសគ្គ​សម្រាប់​វិស័យ​សេដ្ឋកិច្ច សង្គម​ផង​ដែរ​។ ក្នុង​ន័យនេះ សូម​ស្ថាប័ន​ពាក់ព័ន្ធ រួមគ្នា​ថែទាំ​ជួសជុល ហើយ​ប្រជាពលរដ្ឋ​អ្នក​ដឹកជញ្ជូន​ទាំងឡាយ​សូម​ប្រើប្រាស់​ផ្លូវថ្នល់​ឱ្យ​បាន​ត្រឹមត្រូវ​៕