កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​កំណត់​ទិសដៅ ៥​ចំណុច​ក្នុង​អាណត្តិ​ថ្មី​ដើម្បី​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

31

ទ្រី​យ៉ា​ត្លុង៖ សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​រៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី​២ ឆ្នាំ​២០១៣-២០១៧ របស់​ខ្លួននៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ធ្វើការ​ជ្រើសរើស និង​បង្ហាញ​នូវ​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​អាណត្តិ​ថ្មី​ឆ្នាំ​២០១៧-២០២១ សម្រាប់​បង្កើន​ការអភិវឌ្ឍន៍​វិស័យ​កីឡា​ដ៏​លំបាក​មួយ​នេះ ឲ្យ​កាន់តែ​រីកចម្រើន​ក្នុង​ប្រទេស​កម្ពុជា។​ឆ្លៀត​ក្នុង​ឱកាស​នោះ​ក្រោយ​បញ្ចប់​ការ​អាន​របាយការណ៍​លោក ងិន សុខ​បញ្ញា អគ្គលេខាធិការសហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា បាន​បង្ហាញ​នូវ​ទិសដៅ​អភិវឌ្ឍន៍ ៥​ចំណុច ដើម្បី​ជំរុញ​សក្ដានុពល​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​នោះ​គឺ​មាន​ទី​១៖ សហព័ន្ធ​គ្រោង​បញ្ចូល​កីឡាករ​-​កីឡា​ការិនី​ថ្នាល ១០​នាក់​ទៅ​ក្រុម​ជម្រើស​ជាតិ​ថ្នាល​ឆ្នាំ​២០១៨​។ ទី​២៖ ស្នើ​ក្រសួង​អប់រំ​ឲ្យ​បន្ថែម​ក្រុម​កីឡាករ​-​កីឡា​ការិនី​ធំៗ​ពី ៦​នាក់​ទៅ ១០​នាក់ ដើម្បី​ងាយស្រួល​បាន​ប្រកួត​លើ​ឆាក​អន្តរជាតិ។​ ​ចំណែក​ទី​៣ គឺ​ការ​ដណ្ដើម​ឲ្យ​បាន​មេដាយ​លើ​ឆាក​អន្តរជាតិ​ឲ្យ​បាន​ច្រើន ពិសេស​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម Asian Cup និង​ព្រឹត្តិការណ៍ Asian Championship នា​ពេល​ខាង​មុខ​។ ទី​៤៖ ការស្វែងរក​ដៃគូ​ឧបត្ថម្ភ​ឲ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនប់​បម្រុង​ដល់​ក្រុម​ជម្រើស​ជាតិ និង​ទី​៥៖ គឺ​ការ​ត្រៀម​លក្ខណៈសម្បត្តិដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣។ លោក​រំពឹង​ថា ផែនការ​ទាំងនេះនឹង​ទទួល​បាន​ជោគជ័យ​ ស្រប​ពេល​បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ បាន​យកចិត្តទុកដាក់​ជា​ខ្លាំងដើម្បី​អភិវឌ្ឍន៍​កីឡា​នេះ។

​​ដោយ​លទ្ធផល​នៃ​មហាសន្និបាត​ខាងលើ​វិញ គឺ​លោក​ឧកញ៉ា គង់ រិទ្ធី​ជព្វ បាន​ទទួល​ការ​គាំទ្រ​ជា​ឯក​ឆន្ទ ក្នុង​ការ​បន្ដ​ធ្វើជា​ប្រធាន​សហព័ន្ធ ខណៈ​លោកជំទាវ ម៉ក់ វណ្ណ​ស៊ីថា ធ្វើជា​អនុប្រធាន​សហព័ន្ធ​ទី​១ លោកស្រី ហួត ចាន់​ដា​នី អនុប្រធាន​ទី​២, លោក ងិន សុខ​បញ្ញា បន្ដ​ធ្វើ​អគ្គលេខាធិការ ហើយ​លោក ញ៉ែម សុភា អគ្គលេខាធិការ​រង និង​កញ្ញា​កាង ណុ​ចប​វរ ធ្វើជា​អគ្គ​ហិរញ្ញិក​។ រីឯ​សមាជិក គឺ​មាន ៣​នាក់ រួមមាន​លោក មាស សារ៉េត​, អ្នកស្រី សូ រ៉ា​ន់​ដេ​ត និង​អ្នកស្រី បេង ប៊ុន​នេ​ត៕

​អត្ថបទ លី ឈុន​ឡា​