កីឡា​កាយ​វប្បកម្ម​នឹង​មក​កម្ពុជា​វិញ​ស្អែក​នេះ ក្រោយ​ឈ្នះ​មេដាយ​ពិភពលោក ៣​គ្រឿង​នៅ​ម៉ុង​ហ្គោ​លី​

135

កាយ​វប្បកម្ម​៖ តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ក្រុម​ប្រតិភូ និង​អត្ត​ព​លិ​ក​កីឡា​កាយ​វប្បកម្ម​កម្ពុជា ដែល​ចូលរួម​ប្រកួត​ប្រកួត​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជើងឯក​ពិភពលោក​លើក​ទី​០៩ នៅ​ទីក្រុង Ulan Bator ប្រទេស​ម៉ុង​ហ្គោ​លី នឹង​ត្រឡប់​មកដល់​មាតុភូមិ​របស់​ខ្លួន​វិញ​នា​ថ្ងៃ​ទី​១១ ខែ​តុលា​ស្អែក​នេះ​ហើយ បន្ទាប់ពី​បញ្ចប់​បេសកកម្ម​ជាមួយ​នឹង​ការ​ដណ្ដើម​បាន​មេដាយ ៣​គ្រឿង រួមមាន​មេដាយ​មាស​១ ប្រាក់​១ និង​សំរឹទ្ធ១។ ​​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ទៀត​ថា ដំណើរ​មកដល់​មាតុភូមិ​ក្រុម​ម្ចាស់​មេដាយ​ពិភពលោក អម​ដោយ​មេដាយ​មាស​នេះនឹង​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ​ពី​ប្រមុខថ្នាក់ដឹកនាំ​ស្ថាប័ន​កីឡា​កំពូល​ៗគឺ​មាន​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា រួម​ទាំង​ឯកឧត្ដម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ត្រៀម​នូវ​ក្បួន​ដង្ហែ​ម៉ូតូ​ធំ​ចំនួន ១២​គ្រឿង​ដើម្បី​អបអរសាទរ និង​លើកទឹកចិត្ត ចំពោះ​ការ​ខិតខំ​ប្រឹង​របស់​ក្រុម​ម្ចាស់​មេដាយ​ពិភពលោក ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​ការ​ទទួល​ស្វាគមន៍​អត្ត​ព​លិ​ក​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក​នា​ពេល​កន្លងមក​ផង​ដែរ។

សូម​បញ្ជាក់​ថា អត្ត​ព​លិ​ក​កីឡា​កាយ​វប្បកម្មដែល​បាន​បង្កើត​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​ខាងលើ រួមមាន​កីឡាករ​  សំបូរ ណាន ដណ្ដើម​បាន​មេដាយ​មាស​, កីឡាករ តឹក ប៊ុន​វី ដណ្ដើម​បាន​មេដាយ​ប្រាក់ និង​កីឡាករ ណុំ សុ​បិ​ន្ដ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ ហើយ​នេះ​គឺជា​ប្រភេទ​កីឡា​ទី​៣ របស់​កម្ពុជា​ហើយ ដែល​ដណ្ដើម​បាន​មេដាយ​មាស​កម្រិត​ពិភពលោក​ជូន​ជាតិ បន្ទាប់ពី​ប្រភេទ​កីឡា​ប៉េតង់ និង​កីឡា​វ៉ូ​វី​ណា​មដែល​ទើប​ឈ្នះ​មេដាយ​ដ៏​ច្រើន​នា​ពេល​ថ្មីៗ​កន្លងទៅ៕

អត្ថបទ លី ឈុន​ឡា