ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី ​របស់​ចិន​ ចាប់ផ្តើម​ហោះហើរ​ពី​ទីក្រុង​ម៉ា​កាវ​ ទៅ​ខេត្ត​គោលដៅ​ធំៗ​ របស់​កម្ពុជា

174

ភ្នំពេញ ៖ ​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​របស់​ចិន​ lanmei Airlines ចាប់ផ្តើម​ហោះហើរ​ផ្លូវការ​ពី​ទីក្រុង​ម៉ា​កាវ​ ប្រទេស​ចិន​ មកកាន់​ប្រទេស​កម្ពុជា ​ហើយ​ការប្រកាស​នេះ ​ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ ​កាលពី​ល្ងាច​ថ្ងៃទី​៩​ ខែតុលា ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។

លោក បណ្ឌិត លី គន្ធ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន lanmei Airlines (Cambodai) Co Ltd ​បាន​លើក​ឡើង​ក្នុង​ពិធី​សម្ពោធ ​កាលពី​ថ្ងៃទី​០៩ ​ខែតុលា​​ថា ​ក្រុមហ៊ុន lanmei Airlines (Cambodai) Co Ltd ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជើង​ហោះហើរ​នៅ​ប្រទេស​ចំនួន​៦​ ក្នុង​នោះបាន​ហោះហើរ​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ម​កកម្ពុ​ជា មាន ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប​ និង​ក្រុងព្រះសីហនុ ។

លោក​បណ្ឌិត​មានប្រសាសន៍ថា បើ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​ចិន​ទេនោះ​ ព្រលានយន្តហោះ​ក្នុងស្រុក​ពិតជា​មិន​អាច​ដំណើរការ​បានឡើយ​ពិសេស​ក្រុមហ៊ុន lanmei Airlines (Cambodai) Co Ltd​ តែម្តង ។

លោក​បាន​មានប្រសាសន៍​ បន្តថា ក្រៅពី​ដាក់​ឲ្យ​ដំណើរ​ជើងហោះហើរ​ថ្មី ​ក្រុមហ៊ុន​បាន​បង្កើត​មូលនិធិ​ Thanksgiving Foundation (​មួយរយ​រៀល​)​នៅ​រាជធានី​ភ្នំពេញ ​ហើយ​ក្រុមហ៊ុន​មានបំណង​ជំរុញ​ការ​លើកកម្ពស់​និង​ការភ្ជាប់​ទំនាក់ទំនង​បម្រើសេវា ​តាម​យុទ្ធសាស្ត្រ ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​និង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​រដ្ឋាភិបាល​ចិន ។

លោក​ បាន​បន្ថែមថា ​ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ជើងហោះហើរ​ចំនួន​៦​គ្រឿង​នៅ​ឆ្នាំ​ដំបូង​ ហើយនឹង​បង្កើន​ជើងហោះហើរ​ រហូតដល់​២០​គ្រឿងក្នុង​រយៈពេល​៣​ឆ្នាំ​ទៀត​។​

ចំណែក ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ថ្លែងថា​ ការដាក់​ឲ្យ​ដំណើរការ​ក្រុមហ៊ុន lanmei Airline ថ្មី​នេះ​នៅក្នុង​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​របស់​រដ្ឋាភិបាល​ចិន ​ហើយ​នេះ​គឺជា​ការ​បង្កើត​វិថី​លើ​មេឃ​សំរាប់​ប្រទេស​ទាំង​៦​ក្នុង​ការ​ដឹកជញ្ជូន​ទេសចរ​ចិន​ និង​ប្រទេស​ផ្សេងទៀត​មកកាន់​ប្រទេស​កម្ពុជា​ បាន​កាន់​តែច្រើន​ថែមទៀត​។

សម្រាប់ ឯក​ឩ​ត្ត​ម ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ថ្លែង​បញ្ជាក់ថា​ ការបង្កើត​ក្រុមហ៊ុន​អាកាសចរ lanmei Airlines ​អាច​ជួយ​សម្រេច​បាន​គោលដៅ​របស់​កម្ពុជា​លើ​វិស័យ​ទេសចរ ហើយ​នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​វិស័យ​ឧស្សាហកម្ម ​អាកាសចរណ៍​របស់​កម្ពុជា​។

កាលពី​ឆ្នាំ​២០១៦ ប្រធានាធិបតី​ចិន ឯក​ត្ត​ម ស៊ី​ជិន ពីង និង​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​បាន​ព្រម​ព្រៀងគ្នា​ថា ប្រទេស​កម្ពុ​ជា​មាន​ផែន​ការ​ទទួល​ភ្ញៀវទេសច​រ​ចិន​ជាង​ ២​លាន​នាក់​នៅ​ឆ្នាំ​២០២០​ខាងមុខ ៕