NOCC សម្រេច​អនុវត្ត​ផ្លូវច្បាប់​ថ្មី​លើ​ខេមរៈ​សហព័ន្ធ​យូ​ដូដើម្បី​អភិវឌ្ឍ​កីឡា​នេះ​ឡើងវិញ​

34

យូ​ដូ៖ បន្ទាប់​ពី​ព្យួរ​សមាជិកភាព​ខេមរៈ​សហព័ន្ធ​ក​យូ​ដូ​កម្ពុជា​កាលពី​ខែ​មិថុនា​កន្លងទៅ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អនុវត្ត​តាម​ផ្លូវច្បាប់​មួយ​ដំណាក់កាល​ទៀតហើយ ដោយ​សម្រេច​បង្កើត​គណៈកម្មការ ទ្រទ្រង់​សកម្មភាព​សហព័ន្ធ​ជា​បណ្ដោះអាសន្ន​មួយ ដើម្បី​រៀបចំ​ផែន​ការ​សកម្មភាព និង​កម្មវិធី​ហ្វឹកហាត់​ផ្សេងៗ ក្នុង​គោលដៅ​ជំរុញ​ការអភិវឌ្ឍន៍​ប្រភេទ កីឡា​នេះ​ឲ្យ​មានការ​រីកចម្រើន​ឡើងវិញ។​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០១៧ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​អនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​មហា​គ្រួសារកីឡា​យូ​ដូ​ទ្រង់ទ្រាយ​ធំ​មួយ នៅ​សាល​ដំបូលទូកនា​ពហុ​កីឡដ្ឋាន​ជាតិដើម្បី​ជំរុញ​ឲ្យ​សមាជិក និង​គ្រប់​ភាគី​ពាក់ព័ន្ធ ក្រោក​ឈរ​ឡើង ហើយ​រួមគ្នា​អភិវឌ្ឍន៍​កីឡា​មួយ​នេះ ស្របតាម​យុទ្ធសាស្ត្រ​ផែនការមេឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ។​ ​លោក ហេង លី ដែល​ទទួល​បាន​ការតែងតាំង​ជា​ប្រធាន​គណៈកម្មការ​ទ្រទ្រង់​សហព័ន្ធ​បណ្ដោះ​អាសន្ន​ ហើយក៏​ជាព្រឹទ្ធាចារ្យ​ជើងចាស់បាន​ថ្លែង​ថា លោក​រីករាយ​ក្នុង​ការ​ដឹកនាំ​ការងារ តាម​ការសម្រេច​របស់គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ក្នុង​ការ​បង្កើត​គណៈ​កម្ម​ការ​បណ្ដោះ​អាសន្ន​ខាង​លើ។ មិនតែប៉ុណ្ណោះលោក​ថែមទាំង​ប្ដេជ្ញា​អភិវឌ្ឍន៍​កីឡា​នេះ ឲ្យ​មានការ​រីកចម្រើនរហូត​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថាប័ន​កីឡា​កំពូល​ៗ និង​បង្កើត​ជា​សហព័ន្ធ​ផ្លូវការ​វិញ​ផង​ដែរ។​

​យ៉ាងណាមិញ​លោក ឡា​ច វុទ្ធី ដែល​ជា​ប្រធាន​សហព័ន្ធ​អាណត្តិ​ចាស់ មុន​ត្រូវ​បាន​ព្យួរ​សមាជិកភាពហាក់​មិន​ពេញចិត្ត ចំពោះ​ការ​បង្កើត​គណៈកម្មការ​ទ្រទ្រង់​បណ្ដោះអាសន្ន​នេះ​ឡើយ ដោយសារ​លោក​ពុំ​ទទួល​បានការអញ្ជើញ​ចូលរួម​ការប្រជុំ​តែងតាំង​សមាជិក​ទាំងនោះ។ ដូច្នេះ​លោក​គាំទ្រ ប្រសិនបើ​មានការ​បោះឆ្នោត​ជាថ្មី។ ​ទ​ន្ទឹ​ម​ជាមួយ​គ្នា​នោះ​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​បញ្ជាក់​ច្បាស់​ៗ​ថា ការសម្រេច​បង្កើត​គណៈ​កម្ម​ការ​ទ្រទ្រង់ សហព័ន្ធបណ្ដោះអាសន្ន​ខាងលើ គឺជា​ការសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ខណៈ​សមាជិក​អាណត្តិ​ចាស់​ដែល​ត្រូវ​បាន​ព្យួរ សមាជិកភាព​ពុំ​មាន​សិទ្ធិ​តវ៉ា​ឡើយ។ ម្យ៉ាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា មានតែ​បង្ខំចិត្ត​តែងតាំង​ភ្លាមៗ​ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​បញ្ហា​ផ្សេងៗ ស្រប​ពេល​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​កំណត់​ទិសដៅ​រាល់​សហព័ន្ធ​មាន​បញ្ហា​ទាំងអស់ ត្រូវ​ដោះស្រាយ​ឲ្យ​បាន​រួចរាល់ក្នុង​ឆ្នាំ​២០១៧​នេះ ។​

​សូម​បញ្ជាក់​ថា ខេមរៈ​សហព័ន្ធ​យូ​ដូ​ត្រូវ​បាន​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ព្យួរ​សមាជិកភាព​កាល​ពី​ពេល​ថ្មីៗ​ដោយសារ​មាន​បញ្ហា​ក្នុង​សហព័ន្ធ​។ ដូច្នេះ​ប្រសិនបើ​ក្រុម​គណៈកម្មការ​ទ្រទ្រង់​បណ្ដោះអាសន្ន​ខាងលើ​អនុវត្ត​ការងារ​បាន​ល្អ, មានការ​ហ្វឹកហាត់​ត្រឹមត្រូវ និង​មានការ​រីកចម្រើន នោះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​គាំទ្រ​ការរៀបចំ និង​ការ​បង្កើត​សហព័ន្ធ​ឡើងវិញ៕

អត្ថបទ លី ឈុន​ឡា