ឧបករណ៍​នេសាទ​ខុសច្បាប់ ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ចាប់​ត្រី​ក្នុង​ដែនទឹក​ស្រុក​ព្រៃឈរ

88

កំពង់ចាម ៖ ​ ឧបករណ៍​នេសាទ​ល្មើសច្បាប់​ដែល​ធ្វើឡើង​អំពី​ស្បៃ​មុង​ក្រឡា​ញឹក ​ត្រូវ​បាន​គេ​ប្រើប្រាស់ ​ក្នុង​ការ​ចាប់យក​ត្រី​គ្រប់​ប្រភេទ ​នៅ​ចំណុច​ទំនប់​រលំ​ពោធិ៍ ​ឋិត​ក្នុងភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ ដោយ​គេ​សង្ស័យថា ​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​។

ប្រជាពលរដ្ឋ​ដែល​ធ្វើ​នេសាទ​ដោយ​ស្របច្បាប់ ​ក្នុង​ទឹកដី​ឃុំ​មៀន ស្រុក​ព្រៃឈរ ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​​ថា ​សព្វថ្ងៃនេះ​ ពួកគេ​ពិបាក​ក្នុង​ការ​រកត្រី​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ណាស់​ ព្រោះ​ ពួកគេ​ពឹងផ្អែក​តែ​ទៅលើ​ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្របច្បាប់ ​ខណៈ​លើ​ផ្ទៃ​ទន្លេ គេ​សង្កេត ​ឃើញ​មាន​ឧបករណ៍​បទល្មើស​នេសាទ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​ចាប់​ត្រី ​ដោយ​ឧបករណ៍​នីមួយៗ​មាន ​ប្រវែង​រាប់សិប​ម៉ែត្រ​ តែ​គេ​ពុំដែល​ឃើញ​មាន​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​នោះទេ​។

ប្រជាពលរដ្ឋ ​បាន​ឲ្យ​ដឹង​ទៀតថា ​មានការ​រត់ការ​សូកប៉ាន់​ពី​សំណាក់​អ្នកនេសាទ​ដោយ​ប្រើប្រាស់ ឧបករណ៍ ​នេសាទ​ខុសច្បាប់​ទាំងនោះ​ទៅ​ជូន​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ចំពោះ​ការប្រព្រឹត្ត​បទ​ ល្មើស​នេសាទ​នេះ​។

អភិបាលស្រុក​ព្រៃឈរ លោក ឡោ ចាន់​លី បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ ​កាលពី​ម្សិល​ម៉ិ​ញ​ថា ​ចំពោះ​ការប្រើប្រាស់​នូវ​ឧបករណ៍​ខុសច្បាប់​នេសាទ​ត្រី​នេះ​ គឺ​លោក​គ្មាន​សិទ្ធិ​ចាប់ចង​ទេ ​ព្រោះ​លោក​មិនមែន​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ ទោះជា​យ៉ាងណា​ លោក​បាន​ស្នើ​សុំ​ទៅ​ស្ថាប័ន​ជំនាញ ​ដើម្បី​ឲ្យ​ចុះ​ត្រួតពិនិត្យ និង​ ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​បញ្ហា​នេះ​។

ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម លោក អ៊ុក ណារិន ​បានបញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ដែរ​ថា ការប្រើប្រាស់​ឧបករណ៍​នេសាទ​ស្បៃ​មុង​ក្រឡា​ញឹក​នេះ ​គឺ​វា​ខុសច្បាប់​ធ្ងន់ធ្ងរ​ណាស់ តែ​ត្រង់​ចំណុច​ដែល​មាន​ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​យ៉ាង​សន្ធឹក​នេះ គឺ​លោក​មិនបាន​ដឹង​ទេ ​តែ​លោកថា​ នឹង​រៀបចំ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​បង្ក្រាប​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​នេះ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​នូវ​ឧបករណ៍​ខុសច្បាប់​នេសាទ​ឡើយ​៕