លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ​​ខេត្តកំពង់ធំ​ អំពូល​ភ្លឺ​ពេញ​ទន្លេ ​តិច​ច្រឡំ​ថា​បុណ្យកឋិន​ តាម​ពិត​គឺ​បទ​ល្មើស​ឆ្នុក​ ប្រើ​អាគុយ​ចាប់​យក​ត្រី​!

217

កំពង់ធំ ​៖ ឧបករណ៍​នេសាទ​ខុសច្បាប់​ឆ្នុក បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ រាល់​យប់​នៅ​បឹង​ទន្លេសាប​ នៅ​ចំណុច ​សាន​ក្រង , បាក់​ដាវ ,​ពេ​ជ​ជី​ក្រី , ដូន​ស្ដើង ,​ពៅ​វើ​យ​ និង​បាឡត​ ក្នុង​ឃុំ​ពាម​បាង ​ស្រុក​ស្ទោង​ខេត្តកំពង់ធំ​ ក្នុង​ដែន​សមត្ថកិច្ច​សង្កាត់​រ​ដ្ឋ​បាល​ជលផល​សង្កាត់​ពាម​បាង​ ដែល​មាន​លោក ​ហួន សុផល ជានាយ​សង្កាត់​។

ជាក់ស្ដែង​ កាលពី​យប់​ថ្ងៃទី ៩​ ខែតុលា ឆ្នាំ​២០១៧ ​មាន​ភ្លើង​នៅ​ផ្ទៃ​បឹង​ទន្លេសាប ​ដែល​គេ​សម្គាល់​ថា​ជា​បទល្មើស​ឆ្នុកខុសច្បាប់​នោះ ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព ប៉ុន្តែ​លោក ​ហួន សុផល ​នាយ​សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង ​បាន​ឆ្លើយថា ​គ្មាន​បទល្មើស​នោះទេ ​ទោះជា​មាន ​គឺមាន​តិចតួច​ ដែល​គេ​បង្ក្រាប​រាល់ថ្ងៃ​ហ្នឹង​ ប៉ុន្តែ​នៅ​ពេល ​អ្នកសារព័ត៌មាន​បញ្ជាក់​ច្បាស់​ពីបទ​ល្មើស​នោះ​ មាន​ច្រើន ​ហើយ​កំពុង​ធ្វើ​សកម្មភាព​ផង​នោះ​ ស្រាប់តែ​លោកនាយ​រូបនោះ​ បាន​ឆ្លើយថា​ គ្មាន​កម្លាំង​ទៅ​បង្ក្រាប​ទេ ព្រោះ​ជាប់រវល់​។

ចំណែក​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មាត់បឹង​ទន្លេសាប​ ក្នុង​ឃុំ​ផាត់​សណ្ដាយ ​បាន​និយាយ​ឲ្យដឹងថា ​បទល្មើស​នេះ ​គឺ​មាន​រាល់​យប់ ​គ្រាន់តែ​តិច ​និង​ច្រើន​ តែប៉ុណ្ណោះ ​ចំណែក​ការ​បង្ក្រាប​ គឺ​គ្រាន់​ល្បែង ថ្ពិន​ភ្នែក​សាធារណជន និង​សម្រាប់​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ​។ ​ដោយ​ពួកគាត់ ​បាន​លើក ឧទាហរណ៍​បញ្ជាក់​ថា ​បើ​សមត្ថកិច្ច​មាន​ចេតនា​បង្ក្រាប ​ដោយ​ឈរ​លើ​គោល​ការណ៍​ច្បាប់​មែន​នោះ​ គឺ​បទ ល្មើស​ឆ្នុកនេះ មាន​អំពូល​ភ្លឺ​ពេញ​ទន្លេ ​ហើយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប៉ុស្តិ៍​យាមកាម​ របស់​សមត្ថកិច្ច​ឡើយ ​ហេតុ​អី ​ក៏​បទល្មើស​នេះ ​នៅតែ​ធ្វើ​សកម្មភាព​តាំងពី​ ៧៨​យប់ រហូតដល់​ម៉ោង​៣ និង​៤​ទៀបភ្លឺ​បាន ​ជា​រៀងរាល់​យប់​ដូច្នេះ ​លើកលែង​តែ​មាន​ព័ត៌មាន​ថា ​ថ្នាក់លើ​ចុះមក ​ឬ​មេឃ​មាន​ភ្លៀង​ខ្យល់​តែប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​ទាំងនេះ ​បាន​បន្តថា នៅ​ឆ្នាំនេះ​ ត្រី​គឺ​កាន់តែ​ក្រ​ ជាង​ឆ្នាំមុន​ទៅទៀត​ ហើយ​បទល្មើស នេសាទ​ កាន់តែ​កើនឡើង ​ទាំង​រដូវ​បិទ​នេសាទ ​និង​រដូវ​បើក​នេសាទ ​ហេតុនេះ ​បើ​ថ្នាក់លើ​នៅតែ​ជឿ​លើ​ការ ​ភូតកុហក​ ពី​មន្ត្រី​ខិលខូច​ ដែល​នៅ​ប្រចាំ​នៅទីនេះ ​គឺ​រលាយ​ហើយ ។​

ជា​សំណូមពរ​របស់​ពលរ​ដ្ឋ សូម​សំណូមពរ​ទៅ​លោកធំៗ​ថ្នាក់លើ ដែល​គេ​ឃើញ​មាន ​សមត្ថកិច្ច​ជលផល ប៉ូលិស​សេដ្ឋកិច្ច មេត្តា​ជ្រាប​ និង​ចាត់វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ផង !​

សូម​រំឭកថា ឯកឧត្តម សុខ លូ ធ្លាប់បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចេះ​ស្រឡាញ់​ភោគផល​ធម្មជាតិ រួមគ្នា​គោរព​ច្បាប់​លុបបំបាត់​បទល្មើស​នេសាទ និង​ជួយ​ផ្តល់​ព័ត៌មាន​ការពិត​ដល់​អាជ្ញាធរ ដើម្បី​រកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង​បទល្មើស ហើយ​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ ​នឹង​បទល្មើស​សូម​ដក​ខ្លួន​ចេញ ៕

ដោយ ៖ នុត សាវី