NOCC អបអរ​កីឡាករ​-​ការិនី​ជំនាញ​កម្ពុជា ក្រោយ​ទទួល​បាន​កាដូ​ថ្មី​ពី​ស​ម្ដេច​តេ​ជោ ហ៊ុន សែន​

88

អូឡាំពិក៖ បន្ទាប់ពី​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​អនុញ្ញាត​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ជំនាញ​ទាំងអស់ ធ្វើដំណើរ​តាម​រថយន្ត​ក្រុង​របស់​រាជធានី​ភ្នំពេញ​ដោយ​ឥតគិតថ្លៃ​កាលពីដើម​សប្ដាហ៍​កន្លងទៅ គ្រប់​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរបាន​សម្ដែង​ការ​សាទរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ សម្រាប់​ការ​ផ្ដល់​នូវ​កាដូ​ថ្មី​ពី​ប្រមុខ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​។

​​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​កាដូ​ដ៏ពិសេស​ខាងលើ​ គឺជា​ការ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​យក​ចិត្ត​​ទុកដាក់​ លើ​វិស័យ​កីឡា​ជាតិ​កាន់​តែ​ខ្លាំង​ទ្វេដង​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ដើម្បី​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ម្នាក់ៗកាន់​តែ​មាន​ភាព​កក់​ក្ដៅ​ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ដើម្បី​សម្រួច​ទិសដៅ​ ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ឬ​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣។​ ​ឯកឧត្ដម​បន្ត​ថា កន្លងមក​ទោះ​ហ​ព័ន្ធ​កីឡា​ជំនាញ​មាន​កម្មវិធី​ហ្វឹកហាត់​ច្បាស់លាស់ ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប៉ុន្តែ​មធ្យោបាយ​ធ្វើដំណើរ​ទៅ​ប្រមូលផ្ដុំ​ហ្វឹកហាត់​កីឡាករ​-​កីឡា​ការិនី​នៅតែ​ជា​បញ្ហា​ដោយសារ​បញ្ហា​ចរាចរ ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ។

ហេតុនេះ​ក្រោយ​សេចក្ដី​សម្រេច​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​កាត់បន្ថយ​បញ្ហា​ទាំងនោះ ហើយ​ផ្ដល់​មកវិញ​នូវ​ភាព​ងាយ​ស្រួល​ជាច្រើន​ដែល​កីឡាករ​-​កីឡា​ការិនី នឹង​មាន​ពេលវេលា​គ្រប់​គ្រាន់ ដើម្បី​ហ្វឹកហាត់​ដុះ​ខាត​ជំនាញ​ឆ្ពោះ​ទៅ​កម្រិត​ខ្ពស់​។​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់​នេះ​ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​ថ្លែងអំណរគុណ​ជា​ខ្លាំង​ចំពោះ​អនុសាសន៍ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សម្ដេច​។ មិនតែប៉ុណ្ណោះ​ឯកឧត្ដម​បាន​អំពាវនាវ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​ជំនាញ​ប្រមាណ ៥,០០០​នាក់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ហ្វឹកហាត់ ដើម្បី​បង្កើត​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ភាព​ជោគជ័យ​ទាំងអស់​នៅ​ក្នុង​នាម​ ជា​ម្ចាស់ផ្ទះ​កីឡា​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣​ខាងមុខ៕

អត្ថបទ លី ឈុន​ឡា