​ព័រ​ទុយ​ហ្គា​ល់​ស៊ុត ៣២​គ្រាប់​ក្នុង​វគ្គ​ជំ​រុះ​ពូ​ល B និង​ឈ្នះ 2-0 ប្រកួត​ចុងក្រោយ​លើ​ស្វី​ស​បាន​ឡើង​ទៅ World Cup 2018

482

បាល់ទាត់៖ ​ក្រុម​ជើងឯក​ទ្វីប​អឺរ៉ុប​ព័រ​ទុយ​ហ្គា​ល់​បាន​យកឈ្នះ​ស្វី​ស​នៅ​ទីក្រុង Lisbon ដើម្បី​ឡើង​ទៅ​ឈរ​កំពូល​តារាង​នៃ​ពូ​ល B ដើម្បី​មាន​សិទ្ធ​ទៅលេង World Cup នៅ​រុស្សី​ឆ្នាំក្រោយ​ដោយ​ស្វ័យប្រវត្តិ​។​​មុន​ការប្រកួត​មកដល់​ព័រ​ទុយ​ហ្គា​ល់​ស្ថិតនៅ​លេខ២ ពីក្រោម​ស្វី​ស​ ដូច្នេះ​មានន័យថា​បើសិនជា​ប្រកួត​បញ្ចប់​ទៅ​ដោយ​ស្មើ ​រឺ​ចាញ់​ស្វី​ស​ជា​អ្នក​ឡើង​ទៅ​រុស្សី ប៉ុន្តែ​ការប្រកួត​ចូល​មក​ដល់​កីឡាករ​ខ្សែ​ការពារ​ស្វី​ស Johan Djourou ការពារ​មិនបាន​ល្អ​ ផ្ទុយទៅវិញ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​នាទី​ទី​៤១ ធ្វើ​ឲ្យ​ប្រិយមិត្ត​គាំទ្រ​ម្ចាស់​ស្រុក​រីករាយ​ជា​ខ្លាំង ចំណែក​ឯ​ការប្រកួត​បន្ត​ក្នុង​វគ្គ​ទី​២ វិញ​ស្វី​ស​ព្យាយាម​ប្រឹង​យក​ស្មើ​តែប៉ុណ្ណោះ​ក៏បាន​ឡើងទៅ​រុស្សី​ដែរ តែ​ត្រូវ​ជើងឯក​ទ្វីប​អឺរ៉ុប​ព័រ​ទុយហ្គា​ល់​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​ទី57 ដោយ​ថ្វី​ជើង​ដ៏​ប៉ិន​ប្រស​ព្វពី Andre Silva ដើម្បី​ធានា​កៅអី​ស្វ័យប្រវត្តិ។

​តាមរយៈ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​ក្រុម​ស្វី​ស​ដែល​ក្ដោបក្ដាប់​កំពូល​តារាង​ជាង ១​ឆ្នាំ​ក្នុង​វគ្គ​ជំ​រុះ​នោះ​បាន​ត្រឹម​ក្រុម​លេខ​២ ល្អ​បំផុត​ទី​១ ប៉ុណ្ណោះ​ក្នុង​ចំណោម​ទាំង ៩​ពូ​ល​ដើម្បី​បន្ត​ដំណើរ​លេង​វគ្គ Playoff នៅ​តំបន់​អឺរ៉ុប​ដែល​នៅសល់ ៤​កៅអី​រង​ចាំ​ទៅលេង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រុស្សី​ឆ្នាំក្រោយ។​ គួរ​បញ្ជាក់​ថា ​ក្រុម​លេខ​២ ល្អ​នៃ​ពូ​ល​ទាំង​៨ និង​ត្រូវ​រង​ចាំ​ការ​ចាប់​ឆ្នោត​ផ្លូវការ​ នៅ​ទីស្នាក់ការ​កណ្ដាល​ប្រទេស​ស្វី​ស​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា​សប្ដាហ៍​ក្រោយ​ថាក្រុម​ណា​ជួប​ក្រុម​ណា​ប​ន្ត៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ