សម្តេច​តេ​ជោ ៖ ​កុំ​ស្រមៃ​ថា ​កិច្ចប្រជុំ​ទីក្រុង​ប៉ារីស​កើតឡើង​ម្តង​ទៀត!

261

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១១ ខែ តុលា នេះ ​បាន​​បញ្ជាក់​ថា​ កុំ​ស្រមៃ​ថា​ ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កើត​ឡើង​ម្តងទៀត! ​ព្រោះថា​ ភាគី​ជាច្រើន​ក្នុង​កិច្ចប្រជុំ​នេះ ​បាន​ប្រែប្រួល​ហើយ​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​បានលើកឡើង​ដូចនេះ​ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ ជិត​២​ម៉ឺន​នាក់​ដែល​ធ្វើការ​នៅ​តាម​រោងចក្រ​តាម​បណ្តោយ​ផ្លូវវេង​ ស្រេង​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ ​រាជធានី​ភ្នំពេញ​។

សម្តេច​តេ​ជោ​ មានប្រសាសន៍ថា ភាគី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​មួយចំនួន​បាន​ផ្លាស់ប្តូរ​ដូចនេះ កិច្ចប្រជុំ​ ដែល​ធ្វើ​នៅ​ទីក្រុង​ប៉ារីស​នេះ ​មិន​អាច​មាន​ជា​លើក​ទី​ពីរ​នោះទេ ​។​សម្តេច​តេ​ជោ​ បាន​លើក​ឡើងថា ​ប្រទេស​សូវៀត​ ដែល​ជា​ប្រទេស​ហត្ថលេខី​ ព្រមព្រៀង​សន្តិភាព​ប៉ារីស​នេះ ​បាន​ក្លាយ​ជា​ប្រទេស​ ដែល​មាន​រដ្ឋ​ជាច្រើន​ទៅ​ហើយ ​។ ចំណែក​ភាគី​ជម្លោះ​នៅ​កម្ពុជា​ គឺ​ភាគី​ខ្មែរក្រហម​បាន​រលាយ​បាត់​ទៅ​ហើយ​នោះ​។ ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​នេះ​គឺ​ធ្វើឡើង​ខណៈ​ខួប​លើក​ទី ២៦​ នៃ​កិច្ចព្រមព្រៀង​ទីក្រុង ២៣​តុលា ​កាន់តែ​ជិត​ចូល​មក​ដល់​។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ជម្លោះ​ខ្មែរ​ចំនួន​៤ ​គឺ ភាគី​របស់​អតីត​ព្រះ​មហា​វីរក្សត្រ​សម្តេចព្រះ​នរោត្តម​សីហនុ ​ភាគី ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​របស់​លោកតា ​សឺ​ន សាន ​ភាគី​ខ្មែរក្រហម ​និង​ភាគី​រដ្ឋ​កម្ពុជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ​ក្រៅពីនោះ មានការ​ចូលរួម​ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ រួមទាំង​ប្រមុខ​ការទូត​ពី​ប្រទេស​ចំនួន ១៨​ផ្សេងទៀត​ចូលរួម​៕