ប្រធានាធិបតី​ទួរគី​ស្ដីបន្ទោស​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំក្រុងអង់ការ៉ាចំពោះ​វិបត្តិ​ការ​ទូត​

74

ទួរគី៖ ​លោក​ប្រធានាធិបតី​ទួរគី Tayyip Erdogan បាន​ស្ដីបន្ទោស​ឯកអគ្គរដ្ឋទូត​អាមេរិក​ ប្រចាំ​នៅ​ក្នុង​ប្រទេស​ទួរគី​កាលពី​ថ្ងៃ​អង្គារ​ ចំពោះ​វិបត្តិ​ការទូត​រវាង​ប្រទេស​ទាំង​២ ដោយ​បាន​លើក​ឡើង​ថា ទីក្រុង​អង់កា​រ៉ា​លែង​ចាត់​ទុក​រូប​លោក​ជា​បេសកជន​របស់​ទីក្រុង Washington ទៀត​ហើយ​។​

​​ជម្លោះ​នេះ​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​ចាប់​ខ្លួន​ បុគ្គលិក​ស្ថាន​កុងស៊ុល​អាមេរិក​មួយ​រូប ដែល​អាជ្ញាធរ​ទួត​គី​ចោទ​ប្រកាន់​ថា​ បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បព្វជិត​សាសនា​លោក Fethullah Gulen ​ដែល​ជា​សត្រូវ​របស់​លោក ​Erdogan កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក​។​ ក្រោយមក​ឯក​អគ្គរដ្ឋទូត​អាមេរិក​លោក​ John Bass បាន​ផ្អាក​ការ​ធ្វើ​សេវាកម្ម​នៅ​ស្ថាន​កុងស៊ុលក្នុង​ប្រទេសទួរគី​។​ លោក Erdogan លើក​ឡើង​ថា លោក​នឹង​មិន​ទទួលយក​ឯក​អគ្គរដ្ឋទូតរូបនោះ​ឡើយ ​ក្នុង​ពេល​តែមួយ​ម៉ោងប៉ុណ្ណោះ​បើ​សិន​បុគ្គល​រូប​នោះ​ធ្វើ​រឿង​ដូចនេះ ហេតុនេះលោកមិន​ចាត់​ទុក​លោក John Bass ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ក្នុង​ប្រទេសរបស់លោកទៀត​ទេ​៕
អត្ថបទ៖ សុខ​មាន