អគ្គនាយកដ្ឋាន​ពន្ធដារ ​ប្រកាស​លើកលែង​ពន្ធ​ពីរ​ឆ្នាំ ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម

483

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រកាស​លើកទឹកចិត្ត​ផ្នែក​ពន្ធ ​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម នឹង​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណេញ​រយៈពេល​២​ឆ្នាំ​ រួមជាមួយ​ការលើកលែង​ពន្ធ ពី​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល ​និង​ពន្ធ​អប្បបរមា​។

យោង​តាម​សេចក្តីណែនាំ ​ស្តីពី​ការ​អនុវត្តន៍​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ ចំពោះ​សហគ្រាស​ធុន​តូច ​និង​មធ្យម ​បាន​ចុះបញ្ជី​ដោយ​ស្មោះ​ចិត្ត ​ដែល​ភ្នាក់ងារ BTV NEWS ទើបតែ​ទទួល​បាន​ ​នា​ព្រឹក​ថ្ងៃទី​១១ តុលា​នេះ​ បាន​ឲ្យ​ដឹងថា ការលើកលែង​ពន្ធ​ត្រូវ​បាន​ផ្តល់​ឲ្យ​ចំពោះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ទាំង​ឡាយណា ដែល​បាន​មក​ចុះបញ្ជី​ពន្ធដារ​ក្នុង​កំឡុងពេល ​ចាប់ពី​ថ្ងៃទី​១​ ខែមករា​ ឆ្នាំ​២០១៧ រហូតដល់​ ថ្ងៃទី​៣១​ ខែធ្នូ ឆ្នាំ​២០១៨ តែប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​ការលើកលែង​ពន្ធ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នេះ​ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​លើកលែង ​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល​២​ឆ្នាំ​ ដោយ​ចាប់​គិត​ពី​ឆ្នាំ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ដំបូង​ ចំពោះ​សហគ្រាស​ដែល​ពុំទាន់ ​មាន​ប្រាក់ចំណូល ឬ​ឆ្នាំ ​ដែល​បាន​ចុះបញ្ជី​ពន្ធដារ ចំពោះ​សហគ្រាស​ដែល​មាន​ប្រាក់ចំណូល​រួចហើយ​។​ នៅក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​នេះ សហគ្រាស​ធុន​តូច ​និង​មធ្យម​ ត្រូវ​បាន​លើកលែង​ពី​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ ចំណូល និង​ពន្ធ​អប្បបរមា​ផងដែរ​។

សេចក្តីណែនាំ​ដដែល ​បាន​បន្តថា ​ដើម្បី​ជំរុញ​ការ​លើក​ទឹកចិត្ត​ផ្នែក​ពន្ធ ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចេញ​លិខិត​ បញ្ជាក់​អំពី​ការចុះបញ្ជី​ពន្ធដារ​ដោយ​ស្ម័គ្រចិត្ត ​ព្រមទាំង​ការ​លើកទឹកចិត្ត ​ដែល​សហគ្រាស​ទទួល​បាន​។ ​ក្នុងនោះ​នាយកដ្ឋាន​ពាក់ព័ន្ធ និង​សាខា​ខេត្ត​-​ខណ្ឌ​ត្រូវ​បំពេញ​ព័ត៌មាន​ ក្នុង​ពាក្យ​ស្នើសុំ​ចុះបញ្ជី​ពន្ធដារ (​ទម្រង់​១០១ និង​S០១) ឲ្យ​បាន​ច្បាស់​លាស់​អំពី ​សហគ្រាស​បាន​ចុះបញ្ជី។

ចំពោះ​ការចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ឆ្នាំ​២០១៧ ដែល​បាន​ធ្វើឡើង​មុន​ការ​បរិច្ឆេទ ​នៃ​ការ​ចេញ​ប្រការ​ លេខ​៥០២ សហវ​.​ប្រក​ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៧ ក៏ត្រូវ​ទទួល​បាន​ការ​លើកទឹកចិត្ត​ដូចគ្នា​ផងដែរ ​ប៉ុន្តែ​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណូល ​ប្រចាំខែ ​ដែល​បាន​ដាក់​លិខិត​ប្រកាស​ និង​បង់ពន្ធ​រួច​មុន​ទទួល​បាន​លិខិតបញ្ជាក់​ការ​លើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ ​ដោយ​មិន​ត្រូវ​អនុញ្ញាត​ជា​ឥណទាន​នោះឡើយ​៕