កីឡាករ Sam Bennett ឈ្នះ​ការ​ប្រណាំង​​កង់​ដំណាក់​កាល​ទី១ កម្មវិធី​ Tour of Turkey

63

ប្រណាំង​កង់​៖ កីឡាករ​ប្រណាំង​កង់​សញ្ជាតិ​អៀរ​ឡង់ Sam Bennett បាន​ឈ្នះ​ដំណាក់កាល​ទី​1 Tour of Turkey ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ដែល​ជា​ការប្រកួត​បើកឆាក​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ក្នុង​ប្រទេស​ទួរគី​។​ការប្រកួត​ដែល​មាន​ចម្ងាយ​ផ្លូវ 176.7​គីឡូម៉ែត្រ​ចេញពី​ទីក្រុង Alanya ឆ្ពោះ​ទៅ​កាន់ Kemer, Bennett សមាជិក​នៃ​ក្រុម​ប្រណាំង Bora-Hansgrohe មិន​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​គូរ​ប្រកួត​នោះ​ទេ ក្រោយពី​បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ចំណាយ​ពេល 3​ម៉ោង 57​នាទី 26​វិនាទី លេខ​2 កីឡាករ​អ៊ីតាលី Marco Benfatto មកដល់​ដំណាលគ្នា និង​អ្នក​ប្រណាំង​កង់​បែលហ្ស៊ិក Edward Theuns មកដល់​ក្នុង​វេលា​ដូចគ្នា​ផង​ដែរ​។ គួរ​បញ្ជាក់​ថា Tour of Turkey តម្រូវ​ឲ្យ​កីឡាករ​ទាំងអស់​ប្រណាំង​ចំនួន 6​ដំណាក់កាល​ដែល​មាន​ចម្ងាយ​ផ្លូវ​សរុប 825​គីឡូម៉ែត្រ ខណៈ​ដែល​ការប្រកួត​បាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​10 ខែតុលា ហើយ​នឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​ទី15 ខែ​តុលា​នៅ​ទីក្រុង Istanbul ប្រទេស​ទួរគី​។​ ដំណាក់កាល​ទី​2 ថ្ងៃនេះ​មាន​ចម្ងាយ​ផ្លូវ 205​គីឡូម៉ែត្រ​ចេញពី​ទីប្រជុំជន Kumluca ទៅកាន់​ទីក្រុង Fethiye ដែល​មាន​សមុទ្រ​ដ៏​ស្រស់​ស្អាត​ និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​គួរ​ឲ្យ​ទាក់ទាញ​៕

​អត្ថ​ប​ទ៖ ឈិ​ត រតនា