រដ្ឋមន្ត្រីការបរទេស​អេ​ស្ប៉ា​ញ​ចាត់​ទុក​សុន្ទរកថា​របស់​មេដឹកនាំ​តំបន់ Catalonia គ្រាន់តែ​ជា​កលល្បិច​ប៉ុណ្ណោះ

89
រដ្ឋមន្ត្រីការ​បរទេស​អេ​ស្ប៉ា​ញលោក អាល់​ហ្វុ​ន​សូ ដា​ស្ទី​ស

អេ​ស្ប៉ា​ញ៖ រដ្ឋមន្ត្រីការ​បរទេស​អេ​ស្ប៉ា​ញលោក អាល់​ហ្វុ​ន​សូ ដា​ស្ទី​ស បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​​ថា សុន្ទរកថា​ស្ដីពី​ឯករាជ្យ​ធ្វើឡើង​ដោយ​មេដឹកនាំ​តំបន់ Catalonia គឺ​គ្រាន់តែ​ជា “​កលល្បិច​”​ មួយ​ប៉ុណ្ណោះ ថ្វីត្បិតតែ​លោក​បាន​និយាយ​ថា នៅ​មាន​កន្លែង​សម្រាប់​ចរចា​ក្នុង​ពង្រាង​រដ្ឋធម្មនុញ្ញ​រប​ស់​អេ​ស្ប៉ា​ញ​ក៏ដោយ​។

​លោក កា​ឡេស ភុ​ច​ដឺ​ម៉ុ​ន

​លោក​ ដា​ស្ទី​ស បាន​និយាយ​ប្រាប់​វិទ្យុ​បារាំង Europe 1​ ថា សុន្ទរកថា​របស់​លោក កា​ឡេស ភុ​ច​ដឺ​ម៉ុ​ន ទៅ​កាន់​សភា​តំបន់ Catalonia កាលពី​ថ្ងៃ​អង្គារ​គ្រាន់តែ​ជា “​កលល្បិច​” ​មួយ​ប៉ុណ្ណោះដើម្បី​និយាយ​រឿង​មួយ ហើយ​ធ្វើ​រឿង​ផ្ទុយ​មួយ​ផ្សេងទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ​លោក ​ភុ​ច​ដឺ​ម៉ុ​ន ហាក់​ដូច​ជា​រុញរា​ក្នុង​​ការ​ប្រកាស​ឯករាជ្យ​ផ្លូវ​ការណ៍​ពី​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃ​អង្គារ ដោយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​ជាមួយ​ទីក្រុង​ម៉ា​ឌ្រី​ដ ចំពោះ​អនាគត​របស់​តំបន់ Catalonia ក្នុង​ឥរិយាបថ​មួយ​ ដែល​នាំ​ឲ្យ​បញ្ឈប់​ភាព​ភ័យខ្លាច​នៃ​ភាព​រំជើបរំជួល​ភ្លាមៗ​ នៅ​ក្នុង​តំបន់​ចាយ​លុយ​អឺរ៉ូ​មួយ​នេះ​។​ នៅ​ពេល​សួរ​ដល់​លទ្ធភាព​នៃ​ការរៀបចំ​ការ​ធ្វើ​ប្រជាមតិ​មួយ​ផ្សេងទៀត​នៅ​តំបន់ Catalonia លោក​ ដា​ស្ទី​ស បាន​និយាយ​ថា រដ្ឋធម្មនុញ្ញ​អេ​ស្ប៉ា​ញនឹង​មិន​អនុញ្ញាត​នោះ​ឡើយ​៕
អត្ថបទ៖ សារ៉ាត់