នាយករដ្ឋមន្ត្រី​កាណាដា​អះ​អាង​ថា ស្ថានភាព​នៅ​កូរ៉េ​ខាង​ជើង​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់​សម្រាប់​អ្នក​រាល់គ្នា

35

កាណាដា៖ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នាយករដ្ឋមន្ត្រី​កាណាដា លោក​ ចា​ស្ទី​ន ទ្រូ​ដូ បាន​និយាយ​ថា លោក​សង្ឃឹមថា​សហគមន៍​អន្តរជាតិ​នឹង​ជោគជ័យ ​ក្នុង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​កូរ៉េខាងជើង ដោយ​លោក​បាន​ចាត់ទុកថា​ស្ថានភាព​នេះ “​គួរ​ឲ្យ​ខ្លាច​ខ្លាំង​ណាស់​សម្រាប់​អ្នក​រាល់គ្នា​”​។​លោក ​ទ្រូ​ដូ បាន​និយាយ​បែបនេះ​អំឡុង​កិច្ចប្រជុំ​កំពូល​ស្ត្រី​ ដ៏​មានអំណាច​បំផុត​របស់​ទស្សនាវដ្ដី Fortune ដែល​​រៀបចំឡើង​នៅ​ទីក្រុង​វ៉ា​ស៊ីន​តោន ជា​កន្លែង​ដែល​លោក​បាន​រៀបរាប់​ផង​ដែរ ​ពី​កិច្ច​ខិតខំ​ដើម្បី​លើក​កម្ពស់​ស្ត្រី​ ឲ្យ​ចូលរួម​ប្រកួតប្រជែង​ដណ្ដើម​តំណែង​ដោយ​ការបោះឆ្នោត​។ គួរ​ឲ្យ​ដឹង​ថា សេត​វិមាន​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថាកាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូ​ណា​ល់ ត្រាំ បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ការពារ​ជាតិ​កំពូល​ៗ​របស់​លោក ដើម្បី​ពិភាក្សា​លើ​ជម្រើស​ឆ្លើយតប ​នឹង​ការឈ្លានពាន​ណា​មួយ​​របស់​កូរ៉េខាងជើង និង​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ​៕
អត្ថបទ៖ សារ៉ាត់