NOCC ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ឈរលើ​ជំហរ​រួម ដើម្បី​អភិវឌ្ឍន៍​កីឡា​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

26

អូឡាំពិក៖ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) បាន​លើក​ឡើង​ថា ស្រប​ពេល​កម្ពុជា​កំពុង​សម្រួច​ទិសដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ការរៀបចំ​ផែនការ​របស់​សហព័ន្ធ​កីឡា​ជាតិគឺជា​រឿង​ដ៏​សំខាន់ ដើម្បី​ត្រៀមខ្លួន​ទទួល​ភ្ញៀវ​ក្នុង​តំបន់។

ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នា​រាល់​ស្ថាប័ន​ពាក់ព័ន្ធ​កីឡា​នានា ក៏​សុទ្ធតែ​ជា​ផ្នែក​សំខាន់ ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន សូម្បីតែ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​សា​ព័ត៌មាន​កីឡា​ក៏ដោយ​។ ​ការ​លើក​ឡើង​បែបនេះ បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​វគ្គ​រដ្ឋបាល​កីឡា​ស្ដីពី «​អភិបាលកិច្ច​ល្អ គណនេយ្យ​ភាព និង​ព័ត៌មាន​កីឡា​» ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជាកាលពី​ថ្ងៃ​ទី​១១ ខែ​តុលា​ម្សិលមិញ។ ឯកឧត្ដម វ៉ា​ត់ ចំរើន បន្ត​ថា ភាព​រឹងមាំ​នៃ​អភិបាលកិច្ច​ល្អគឺ​អាស្រ័យ​លើ​ការអនុវត្ត និង​ការដឹកនាំ​របស់​ក្បាលម៉ាស៊ីន​សហព័ន្ធ​នីមួយៗ។ ហេតុនេះ​មុន​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ កម្ពុជា​ត្រូវ​មាន​ផែនការ​ច្បាស់លាស់ ​ក្នុង​ការ​អនុវត្ត​គ្រប់​សកម្មភាព​ដោយ​ឈរ​លើ​ជំហរ​រួម និង​ការ​ស្វែង​យល់​ឲ្យ​បាន​កាន់តែ​ស៊ីជម្រៅ​ពី​តួនាទី​របស់​ខ្លួន។

​ដោយឡែក​សា​ព័ត៌មាន​គឺ​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​កីឡា ជាក់ស្ដែង​ប្រភេទ​កីឡា​មួយ​ចំនួន​អាច​រីកចម្រើន និង​ផុលផុស​ទៅ​បាន​ក៏​អាស្រ័យ​ដោយសារ​មានការ​ផ្សព្វផ្សាយ​ដែរ។ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ផ្សព្វផ្សាយ ហើយ​ទទួល​បាន​មកវិញ​នូវ​​លទ្ធផល​ល្អ សម្រាប់​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​នោះ អ្នក​សារព័ត៌មាន​ត្រូវ​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​បច្ចេកទេសនៃ​ប្រភេទ​កីឡា​នីមួយៗ ដើម្បី​ចៀសវាង​ការ​សំណេរ​ខុស​ពី​ខ្លឹម​ផ្សារ។ អាស្រ័យ​ហេ​ត​នេះអ្នក​សា​ព័ត៌មាន ក៏​ត្រូវ​ឈរ​លើ​ជំហរ​រួម​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ដើម្បី​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​បន្ថែម​ផង​ដែរ ។​

គួរ​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​ខាងលើគឺ​ធ្វើ​ឡើង ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១១ រហូត​ដ​ល់​ថ្ងៃ​ទី​១៣ ខែ​តុលា​ស្អែក​នេះ ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​តំណាង​សហព័ន្ធ​កីឡា​ជាតិ និង​តំណាង​អង្គភាព​សារព័ត៌មាន​ប្រមាណ​ជាង ៦០​នាក់ ហើយ​ក្នុង​នោះ​ក៏​មាន​គ្រូឧទ្ទេស​សំខាន់ៗ ដើម្បី​ធ្វើ​បទ​បង្ហាញ​ផង​ដែរដូចជា​ឯកឧត្ដម វ៉ា​ត់ ចំរើន​, ឯកឧត្ដម ជា ច័​ន្ធ​បូ​រិ​បូរ​ណ៍ និង​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ច័ន្ទ សំណព្វ ជាដើម​៕

អត្ថបទ លី ឈុន​ឡា