ជ័រកៅស៊ូ​ដំបូង ​របស់​ខេត្តស្វាយរៀង​ ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ

130

ស្វាយរៀង​ ៖ ​ផលិតផល​ជ័រកៅស៊ូ​របស់​សហគមន៍ ​កសិករ​ស្រុក​រមាសហែក ​ខេត្តស្វាយរៀង​ ជា​ច្រើន​តោន​ ត្រូវ​បាន​ចាប់​ផ្តើមធ្វើ ការនាំចេញ​ទៅកាន់​ទីផ្សារ​ជា​លើកដំបូង​ បន្ទាប់ពី​ស្រូវ​ អំពៅស្ករ និង​ដំឡូង​មី​។

ជ័រកៅស៊ូ ដែលជា​ផលិតផល​កសិឧស្សាហកម្ម​លើកដំបូង​បំផុត​របស់​ខេត្តស្វាយរៀង ​ដែល​កសិករ និង​សមាជិក ​សហគមន៍​នៅក្នុង​ស្រុក​រមាសហែក ដាំ​ដុះ​សាកល្បង​បាន​ជាង​៦០០​ហិកតា​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​នោះ ត្រូវ​បាន​នាំចេញ ទៅកាន់​ទីផ្សារ​ហើយ ដែល​នេះ​គឺជា​ជោគជ័យ​ថ្មី​មួយទៀត​នៃ​ការសាកល្បង​ដាំ​ដំណាំ​កសិឧស្សាហកម្ម​របស់​ក​សិ​ករ ​ខេត្តស្វាយរៀង ​សម្រាប់ធ្វើ​ការនាំចេញ​បន្ទាប់ពី​អំពៅស្ករ ​និង​ដំឡូង​មី​។

លោក ដួង សេដ្ឋា កសិករ​ក្នុងភូមិ​ព្រែក​រមៀត ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក បាន​ប្រាប់​BTV​កាលពី​ថ្ងៃទី​១១ ខែតុលា ម្សិល​ម៉ិ​ញ​ថា ​ដោយ​មើលឃើញ​ទីផ្សារ​ជ័រកៅស៊ូ​ល្អ នៅ​ប៉ុន្មាន​ឆ្នាំ​មុននេះ​ គ្រួសារ​លោក​បាន​ដាំ​កៅស៊ូ​បាន​ជាង​១០​ហិកតា ​បច្ចុប្បន្ននេះ ​ដំណាំ​កៅស៊ូ​គ្រួសារ​លោក និង​គ្រួសារ​ឯទៀត ​និង​សហគមន៍​ទទួល​បាន​ផល​ជា​បន្តបន្ទាប់​។

លោក​ បាន​ឲ្យ​ដឹងថា ដំណាំ​កៅស៊ូ​គ្រួសារ​របស់លោក ក្នុង​មួយថ្ងៃ អាច​ទទួល​បាន​ផល​ជ័រ​ពី​២០០​ទៅ​៣០០ គីឡូក្រាម ដោយ​អាច​លក់​បាន​តម្លៃ​ពី​២​ពាន់​៧០០​ទៅ​២​ពាន់​៨០០​រៀល​ក្នុង​មួយ​គីឡូក្រាម តែ​បើ​ប្រៀបធៀប​ទៅ នឹង ​ការ​ចំណាយ​ផលិត​គឺ​មិនទាន់​អាច​រក​ប្រាក់​ចំណេញ​បាន​ច្រើន​ទេ​។

លោក ដួង សេដ្ឋា ជួស​មុខ​ឲ្យ​អ្នក​ផលិត​កៅស៊ូ​ក្នុងស្រុក​រមាសហែក​ បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ​ឲ្យ​ជួយ បង្កើត​ទីផ្សារ​ប្រមូល​ផល​ សំដៅ​កាត់បន្ថយ​ការ​ចំណាយ​ដឹក​ផលិតផល​ទៅកាន់​ទីផ្សារ​។

លោក ចាប ណុល អភិបាលរង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ​បាន​បញ្ជាក់ថា ​អាជ្ញាធរ​ស្រុក​បាន​ធ្វើការ​ទំនាក់ ទំនង​ជាមួយ​វិស័យ​ឯកជន​ ដែល​មាន​ចំណាប់អារម្មណ៍​លើ​ផលិតផល​ជ័រកៅស៊ូ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​ដែរ ដើម្បី ឲ្យ​ពួកគេ​មក​បង្កើត​ទីផ្សារ​ប្រមូល​ទិញ​នៅ​ក្នុង​ស្រុក​នេះ តែ​រហូត​មក​ដល់​ពេល​នេះ ​ដូចជា​គ្មាន​ក្រុមហ៊ុន​ណាមួយ​មក ឡើយ​។​ លោក ​បាន​អំពាវនាវ​ដល់​ផ្នែក​ពាក់ព័ន្ធ​ជួយ​សម្រួល​ទីផ្សារ​ជ័រកៅស៊ូ​ជូន​កសិករ​ក្នុងស្រុក​របស់​លោក​ផង​។

ជុំវិញ​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​ទីផ្សារ​លក់​ផលិតផល​ជ័រកៅស៊ូ ​លោក មាឃ ឆ​វណ្ណ​រុន ប្រធាន មន្ទីរ​ពាណិជ្ជកម្ម ខេត្តស្វាយរៀង ​បាន​បញ្ជាក់ថា ​រាល់​ផលិតផល​ដែល​ប្រជាពលរដ្ឋ​ផលិត​បាន​នៅក្នុង​ខេត្ត មន្ទីរ​ពាណិជ្ជ កម្ម នឹង​ចុះ​សិក្សា​ស្វែងយល់​ពី​ផលិតផល​ទាំងនោះ ​ដើម្បី​ទទួល​បាន​ទិន្នន័យ​មួយ​ច្បាស់លាស់ និង​រក​ទីផ្សារ​ជូន​ដល់ ​ពួកគេ​ឲ្យ​បាន​សមរម្យ​នៅពេល​ខាងមុខនេះ​ ឲ្យ​តែ​ផលិតផល​ទាំងនោះ​មាន​ច្រើន​ហើយ​មាន​លក្ខណៈ​ប្រមូលផ្តុំ​៕