រដ្ឋសភា បើក​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥

79

ភ្នំពេញ ៖ នៅ​ព្រឹក​​ថ្ងៃទី​១២​ខែតុលា​នេះ​ រដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​បើក​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥ ក្រោម​អធិបតីភាព​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ ប្រធានរដ្ឋសភា បន្ទាប់ពី​វិស្សមកាល ​៣​ខែ​កន្លងមក​។

ក្នុង​ឱកាស​បើក​បវេសនកាល បើក​សម័យប្រជុំ​លើក​ទី​៩ នីតិកាល​ទី​៥​នេះ​ ក៏​មាន​វត្តមាន​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុងនាម​ជា​តំណាងរាស្ត្រ​មណ្ឌល​កណ្តាល ព្រម​ជាមួយ​វត្តមាន​តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ​ដទៃទៀត ​សរុប​ចំនួន​៦៧​រូប ។​ដោយឡែក​តំណាងរាស្ត្រ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ពុំ​មាន​វត្តមាន​នោះទេ​។

សម័យប្រជុំ​សភា​នៅថ្ងៃនេះ ​បាន​លើក​យក​របៀបវារៈ​ចំនួន​៦ មក​ពិភាក្សា និង​អនុម័ត រួមមាន​ ៖

ព្រះរាជសារ​ព្រះករុណា ព្រះបាទ ​សម្តេចព្រះ​បរមនាថ នរោត្តម​ សីហមុនី ​ព្រះមហាក្សត្រ​ នៃ​កម្ពុជា ជូន​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៩ នីតិកាល​ទី​៥​។​

របាយការណ៍​ស្តីពី​សកម្មភាព​របស់​រ​ដ្ឋ​សភា​ចន្លោះ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ និង​លើក​ទី​៩ នីតិកាល​ទី​៥​។​

ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រៀងច្បាប់​ស្តីពី ​ឧបាស្រ័យ​ពាណិជ្ជកម្ម​។​

ការពិភាក្សា និង​អនុម័ត​សេចក្តីព្រៀងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ​ និង​កិច្ចព្រមព្រៀង​មួយ​ចំនួនទៀត​ ក្រោយ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​នេះ រវាង​អាស៊ាន និង​ចិន​។

ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​សេចក្តីព្រៀង​ស្តីពី​ការ​ទទួល​ស្គាល់​សុពលភាព នៃ​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​ រវាង​រាជរដ្ឋាភិបាល នៃ​កម្ពុជា និង​ស្ថាប័ន​ប្រកាសនីយបត្រ​តក្កកម្ម​អឺរ៉ុប​។​ និង​៦ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា​៣៧ មាត្រា​៣៨ មាត្រា​១០៩ និង​មាត្រា​១៣៦ នៃ​ច្បាប់​ស្តីពី​ប្រកាសនីយបត្រ​តក្កកម្ម​វិញ្ញាបនបត្រ​ម៉ូដែល​ មាន​អត្ថប្រយោជន៍​ និង​គំនូរ​ឧស្សាហកម្ម ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​២២​ ខែមករា ឆ្នាំ​២០០៣​។

ចំពោះ​របៀបវារៈ​ដែល​ត្រូវ​លើក​យក​មក​ពិភាក្សា និង​អនុម័ត​ខាងលើ អង្គសភា ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ តាមរបៀប​វារៈ ​និង​តាម​ជំពូក​នីមួយៗ ដោយ​ការលើកដៃ ​ក្នុង​សំឡេង​ គាំទ្រ ៦៧ លើ ៦៧​សំឡេង​ នៃ​វត្តមាន​តំណាងរាស្ត្រ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៕