នាវា​ចម្បាំង​កង​ទ័ព​ជើងទឹក​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅ​ជិត​កោះ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង

147

អាមេរិក៖ មន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​ ២​រូប​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា នាវាចម្បាំង​កងទ័ពជើងទឹក​សហរដ្ឋ​អាមេរិក​បាន​ចុះ​ប្រតិបត្តិការ “​សេរីភាព​នាវាចរណ៍​” នៅ​ជិត​កោះ​ជម្លោះ​ប៉ា​រ៉ា​សែ​ល​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​អង្គារ​។យោង​តាម​ការ​អះអាង​របស់​ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា នាវា USS Chafee ដែល​ជា​នាវា​ពិឃាដ​បំពាក់​គ្រាប់​មី​ស៊ី​ល Arleigh Burke មិនបាន​ចូល​ទៅ​ដល់​ដែនទឹក​ស្ថិតនៅ​ចម្ងាយ​ជាង​ ១៩​គីឡូ​ម៉ែត្រ​នៃ​កោះ​សិប្បនិម្មិត​ណាមួយ​នោះ​ឡើយ គឺជា​ចម្ងាយ​ដែល​ចិន​ចាត់ទុកថា​ជា​ដែនទឹក​របស់​ខ្លួន ប៉ុន្តែ​នាវា​មួយ​គ្រឿង​នេះ​ពិតជា​បាន​ចូល​ទៅ​ដល់ “​ច្រក​សមុទ្រ​ខ្សែបន្ទាត់​គោល​” ដែល​ទីក្រុង​ប៉េកាំង​អះអាង​នៅ​ជុំវិញ​ក្រុម​កោះ​របស់​ពួកគេ​។​ ក្រុម​មន្ត្រី​បន្ត​ទៀត​ថា ប្រតិបត្តិការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​យូរ​អង្វែង​របស់​អាមេរិក​ប្រឆាំង​នឹង “​ការប្រកាស​ដែនសមុទ្រ​ដ៏​ហួស​ប្រមាណ​” ​របស់​ទីក្រុង​ប៉េកាំង ពោល​គឺ​សហរដ្ឋអាមេរិក​មិន​ទទួល​ស្គាល់​ឡើយ​ ការប្រកាស​អធិបតេ​យ្យ​ភាព​របស់​ចិន​នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​៕
អត្ថបទ៖ សារ៉ាត់