ដំណាច់​ត្រីមាស​ទី​៣​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ មាន​ទឹកប្រាក់​៥៦៣៦​លាន​ដុល្លារ

69

ភ្នំពេញ ៖ ​ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់ ​និង​អចលនទ្រព្យ​បានសម្រេច​កំណើន​២២​ភាគរយ​ ធៀប​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំមុន ​ដោយមាន​ទំហំ​ទឹកប្រាក់​កើន​ឡើង​ដល់​៥៦៣៦​លាន ​ដុល្លារ​អាមេរិក​។

អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ ​ឯក​ឧត្តម ​ឡៅ ទិព្វ​សីហា ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃទី​១១ ខែតុលា ​​ម្សិល​ម៉ិ​ញ​នេះ​ថា សមត្ថកិច្ច ​នៅ​តាម​រាជធានី ខេត្ត​ក្រុង​ទូទាំង​ប្រទេស​បាន​អនុម័ត​គំរោង​ចំនួន​២៥២២​គម្រោង​ ដែល​មាន​ទុន​ទឹកប្រាក់​៥៦៣៦​លាន​ដុល្លារ​អាមេរិក កើន​ឡើង​២២ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​លោក​ បន្តថា ​គម្រោង​អនុម័ត​ឆ្នាំនេះ​ភាគច្រើន​ជា ​គំរោង​សាងសង់​ខុន​ដូ ​លំនៅឋាន​ជា​លក្ខណៈ​បុរី​ រោងចក្រ សហគ្រាស សណ្ឋាគារ ​និង​អាគារ​ការិយាល័យ​ជាដើម​។

លោក​ បន្តថា “​ការ​កើនឡើង​នូវ​ការ​វិនិយោគ​ក្នុង​វិស័យនេះ​ ដោយសារ​កត្តា​សន្តិភាព ​ស្ថិរភាព​នយោ​បាយ និង​ភាព​អំណោយផល​លើ​ច្បាប់​វិនិយោគ​ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ជាច្រើន​បាន​សម្លឹង​មក​កម្ពុជា ហើយ​កម្ពុជា​ បាន​នឹងកំពុង​ក្លាយ​ជា​ទីផ្សារ​ដ៏​ទាក់ទាញ​មួយ​”​។

យោង​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​៧​ឆ្នាំ​ចុង​ក្រោយនេះ ​ក្រសួង​សេដ្ឋកិច្ច​បាន​អនុម័ត ​គម្រោង​សរុប​២១៣​គម្រោង ​និង​មាន​ទឹកប្រាក់​៣៣៧៥​លាន​ដុល្លារ​អាមេរិក​។

លោកជំទាវ​ ងួន សុខា​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​ខ​វត្ថុ​ បាន​ទទួល​ស្គាល់ថា ​វិស័យ​សំណង់​កំពុង​បាន​ដើរតួនាទី​យ៉ាងសំខាន់​ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​ដោយ​វិស័យនេះ​ បានរួម​ចំណែក​ ១​ភាគរយ​នៃ​ផល​ទុនជាតិ​សរុប​។​លោកជំទាវ​ ន្តថា កត្តា​សុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ កំណើន​សេដ្ឋកិច្ច ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ​និង​លក្ខខ័ណ្ឌ​ច្បាប់ ​ដ៏​អំណោយផល​របស់​កម្ពុជា បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ចូល​មក​វិនិយោគ​ក្នុង​វិស័យ​នេះ​ កាន់តែច្រើន​៕