កម្ពុជា​នឹង​ជំរុញ​ការងារ​បណ្តុះ​បណ្តាល​កង​កម្លាំង​នគរបាល

139

ភ្នំពេញ ៖ ​ប្រធាន​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ បាន​ថ្លែង​លើក​ឡើង​ថា ​ការអប់រំ​បណ្តុះ​បណ្តាល​ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព ​និង​ការ​កសាង​ធនធានមនុស្ស ​គឺមាន​សារៈសំខាន់​ណាស់ ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង ​នៃ​ការធ្វើ​សមាហរណកម្ម​ក​ម្ពុ​ជា ​ទៅក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ និង​ពិភពលោក​។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា ​បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​បិទ វគ្គ​បណ្តុះ​បណ្តាល​ កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​លើក​ទី​៣ ​នៅ​សាលា​នគរបាល​ជាតិភូមិ​ភាគ​៣ ​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា ការអប់រំ​បណ្តុះ​បណ្តាល​បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ការ​កសាង​ធនធានមនុស្ស សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ការ​អភិវឌ្ឍ​ស្ថាប័ន​ជាតិ​នានា ក្នុងនោះ​ការអប់រំ​បណ្តុះ​បណ្តាល​ដើម្បី​បង្កើន​ចំណេះដឹង​ និង​ពង្រឹង​សមត្ថភាព ​គឺជា​ការងារ​ដែល​គ្មាន​ទី​បញ្ចប់ ពោល​គឺ​បុគ្គលិក​ម្នាក់ៗ​ត្រូវ​ធ្វើ​ការសិក្សា​ស្រាវជ្រាវ បន្ត​ការសិក្សា​ ឬ​ការ​បំប៉ន​ជំនាញ​បន្ថែម ក្នុង​គោលដៅ​បន្ថែម​នូវ​បទពិសោធន៍ ​និង​ចំណេះដឹង​ថ្មីៗ​បន្ថែមទៀត ​ស្របតាម​ការវិវត្តន៍​សង្គមជាតិ​ និង​វិទ្យាសាស្ត្រ ដើម្បី​ជំរុញ​ធ្វើ​បច្ចុប្បន្នភាព ​ចំណេះដឹង ដែល​ជា​កត្តា​ចាំបាច់​ក្នុង​ការ​ធានា​បាន​នូវ​ប្រសិទ្ធភាព​ការងារ និង​ការ​ជោគជ័យ​របស់​អង្គភាព​។

នាយ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ បាន​ចាត់ទុក​វគ្គ​បណ្តុះបណ្តាល​មន្ត្រី​នគរបាលជាតិ ​គឺជា​ការងារ​ចាំបាច់ ដែល​ត្រូវ​បន្តធ្វើ​ជាប្រចាំ ក្នុង​គោលដៅ​ធ្វើ​ឲ្យ​កង​កំលាំង​នគរបាលជាតិ​ មាន​ចំណេះដឹង​គ្រប់គ្រាន់​លើ​ផ្នែក​ទ្រឹស្តី ​ជំនាញ​បច្ចេកទេស អាកប្បកិរិយា​ល្អ ក្នុង​ការ​ចូលរួមចំណែក​រក្សា​ឲ្យ​បាន​រឹងមាំ អំពី​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​។

ឯកឧត្តម ​បន្តថា ដោយសារ​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់​ សង្គម នៅក្នុង​តំបន់​និង​សកលលោក ចំណេះដឹង និង​បច្ចេកវិទ្យា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ តែង​តែមាន​វិវត្តន៍​ប្រែប្រួល​ឥត​ឈប់ ឈរ​នោះ វា​បាន​ជះឥទ្ធិពល​ដោយផ្ទាល់ ​និង​ដោយ​ប្រយោល​មកដល់​កម្ពុជា ក្នុង​នោះ​កម្ពុជា​ត្រូវការ​ចាំបាច់​ផ្តោត​យកចិត្ត​ទុក ដាក់​ខ្ពស់ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ផ្នែក​កងកម្លាំង​នគរបាលជាតិ ​ដើម្បី​ពង្រីក និង​លើកកម្ពស់​សមត្ថភាព​ ចំណេះដឹង ជំនាញ ក្រមសីលធម៌​វិជ្ជាជីវៈ ឲ្យ​បានសម្រេច​ទៅតាម​និន្នាការ​វិវត្តន៍​នេះ​។

ពាក់ព័ន្ធ​និង​ការបណ្តុះបណ្តាល កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​នេះដែរ​ លោក​ឧ​ត្ត​ម​សេនីយ៍ វៀក សុភាព នាយក​សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៣​ បាន​ឲ្យ​ដឹងថា ​សម្រាប់​ការ​បណ្ដុះបណ្ដាល​លើក​ទី​៣​នេះ ​មាន​សិស្ស​នាយ​នគរបាល ​និង​នាយរង នគរបាល​ចំនួន​១៨២​នាក់ ​ជានា​រី​៣០​នាក់​ ក្នុងនោះ​សិស្ស​ជាប់​ជ័យ លាភី ​ទាំងអស់​ត្រូវ​ទទួល​បាន​វិញ្ញាបនបត្រ ​និង​ប្រកាស​ តាំងស៊ប់​ក្នុង​ក្របខណ្ឌ​នគរបាលជាតិ ​តាម​នីតិវិធី​ជា​ធរមាន​ដោយឡែក​សិស្ស​បោះបង់​ការសិក្សា ​និង​អ្នក​មិន​ទទួល​បាន​ជ័យជំនះ មិនត្រូវ​តាំងស៊ប់​ក្នុង​ក្របខណ្ឌ​នោះឡើយ​ ដោយ​ត្រូវ​រង់ចាំ​តាំង​ស៊ប់​នៅ​ពេល​បន្ទាប់​៕