កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ប៉ះទង្គិច​គ្នា​យ៉ាង​​ខ្លាំង​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​ក្នុង​ទីក្រុង Raqqa

71

ស៊ី​រី៖ រូបភាព​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះតាម online កាលពី​ថ្ងៃ​អង្គារ ​បាន​បង្ហាញ​ពីកងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រីហៅ​កាត់​ថា (SDF) បានប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង​ក្លា ​ជាមួយក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាមនៅមន្ទីរពេទ្យ​ជាតិ ក្នុង​ទីក្រុងរ៉ា​ក់​កា។​យោង​តាម​មេបញ្ជាការ​មូលដ្ឋាន​សម្រាប់​ប្រតិបត្តិការ​ នៃ​កង​កម្លាំង​គាំទ្រ​ដោយ​សហរដ្ឋអាមេរិកប្រចាំ​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ​ការ​ពើប​ប្រយុទ្ធ​គ្នានេះ​កើត​ឡើង​ ខណៈ​ការវាយប្រហារចុង​ក្រោយ​លើ​ខ្សែបន្ទាត់​ ការពារ​ចុងក្រោយ​របស់​រដ្ឋ​អ៊ីស្លាមក្នុង​អតីត​រដ្ឋធានីស៊ី​រីរបស់​ខ្លួន​។ ការ​បាត់​បង់​ផ្លូវ​ និង​អគារ​ដែល​នៅ​សល់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាមក្នុង​ទីក្រុង​ក្រោយ​ខ្លួន បរាជ័យ​ក្នុង​ទីក្រុង​ម៉ូ​ស៊ូ​លរបស់​អ៊ីរ៉ាក់​នៅ​ឆ្នាំនេះ និង​ការ​ដក​ថយ​របស់​ខ្លួនចេញពី​ផ្នែកនានា នៃ​ដែនដី​ក្នុង​ប្រទេស​ទាំង​២​ នឹង​ក្លាយ​ជា​ការកំណត់​ព្រឹត្តិការណ៍​ធំ​ៗ ក្នុង​សង្គ្រាមកម្ចាត់ក្រុមជី​ហាត​នេះ។​ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ប្រកាសជា​តំបន់​ព្រះ​ចៅ​កាលី​ហ្វ​ក្នុង​ឆ្នាំ​២០១៤ និងឈាន​ដល់អំណាច​កំពូលគ្រប់គ្រង​របស់​ខ្លួន​លើ​មនុស្ស​រាប់​លាន​នាក់​ ចាប់ពីប្រទេស​ស៊ី​រី​ភាគ​ខាងជើងរហូតដល់​តំបន់ជាយក្រុង​នានា​ នៃរដ្ឋធានី​បាដាដ​ប្រទេស​អ៊ីរ៉ាក់​ ប៉ុន្តែ​ខ្លួន​បាន​ចាញ់​ជា​បន្តបន្ទាប់​ក្រោម​ការវាយប្រហារ​ពី​ភាគី​ជាច្រើន។

​ចំណែក​នៅ​ក្នុង​ទីក្រុង​ដា​ម៉ាសឯណោះ​វិញ​ យោង​តាម​សារព័ត៌មាន​រដ្ឋស៊ី​រី​ឲ្យ​ដឹង​ថា មាន​បុរស ​៣​នាក់​បាន​បំផ្ទុះ​ខ្លួន​នៅ​ជិត​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល នៅ​កណ្ដាលទីក្រុងដា​ម៉ាសកាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ ២​នាក់ និង ​៦​នាក់​របួស៕

អត្ថបទ៖ សុខ​មាន