កម្លាំង​​ខ្យល់​បាន​ជំរុញ​ឲ្យ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​រដ្ឋ California មាន​សន្ទុះ​កាន់​តែ​ខ្លាំង ខណៈ​ចំនួន​អ្នក​​​​បាត់បង់​ជីវិត​បាន​កើន​ឡើង​ដល់ ​២១​នាក់

3524

អាមេរិក៖ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​ប្រឈម​នឹង​កម្លាំង​ខ្យល់​ខ្លាំង និង​ស្ថានភាពអាកាសធាតុស្ងួត​ហួតហែង​កាលពី​ថ្ងៃ​ពុធ​ បានព្យាយាម​បញ្ឈប់​ការ​ឆេះ​រាលដាល​ព្រៃ​ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​យ៉ាង​ហោច​ ​២១​នាក់, បំផ្លាញ​លំនៅឋាន និងអគារលក់ទំនិញ​ ៣,៥០០​កន្លែង ​និង​បណ្ដាល​ឲ្យ​មាន​ផ្សែង​គ្របដណ្ដប់​ពេញ​តំបន់​កាលីហ្វ័រ​ញ្ញា​ខាងជើង​។​អណ្ដាតភ្លើង​ឆាបឆេះយ៉ាង​ឆាប់រហ័ស​ចំនួន ​២២​កន្លែងដែល​រាលដាល​ដល់ស្រុកចំនួន​៩ បាន​ឆេះ​បំផ្លាញ​ព្រៃ​ឈើ​ជិត 68,797ហិច​តា ចាប់​តាំង​ពីអណ្ដាតភ្លើង​ចាប់ផ្ដើម​ឆាបឆេះ​កាលពី​រាត្រី​ថ្ងៃអាទិត្យ​ ដូច​អ្វី​ដែល​មន្ត្រី​ពន្លត់​អគ្គិភ័យ​រដ្ឋលើក​ឡើង​ថា នេះ​ជា​ភ្លើង​ឆេះ​ព្រៃដ៏​អាក្រក់​បំផុត​មួយ ​ក្នុងចំណោម​ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​ដែល​បាន​កើតមាន ​ក្នុង​ប្រវត្តិសាស្ត្រ​របស់រដ្ឋ​កាលីហ្វ័រ​ញ្ញាសហរដ្ឋអាមេរិក​។

​មនុស្ស​ជាង 550​នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​ នៅតែ​បាត់​ខ្លួន​នៅឡើយក្នុងស្រុកសូ​ណូ​ម៉ា ហើយគេ​ក៏​នៅ​មិនទាន់​ច្បាស់​ដែរ​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​អាច​ជាជន​រងគ្រោះ​ ពិតប្រាកដដោយសារ​ភ្លើង​ឆេះ​ព្រៃ​នេះ ក្រៅពី​អ្នក​ភៀសខ្លួន​ដែលមិនបានផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរ បន្ទាប់ពីភៀសខ្លួន​ចេញពី​លំនៅឋាន​របស់​ពួកគេ​៕
អត្ថបទ៖ សុខ​មាន