Nadal និង Federer គ្មាន​បញ្ហា​ក្នុង​ជុំ​ទី​2 កម្មវិធី​ Shanghai Masters

55

តេន្នីស៖ ​កីឡាករ​ស្វី​ស​លំដាប់​លេខ2 ពិភពលោក Roger Federer បាន​ឆ្លង​ផុត​ជុំ​ទី​ពីរ​ហើយ​នៃ​ការប្រកួត​កម្មវិធី Shanghai Masters ក្រោយ​យកឈ្នះ​កីឡាករ​អា​ហ្ស​ង់​ទីន Diego Schwartzman​។

​​សិត​ដំបូង​កីឡាករ​ទាំងពីរ​ចាប់ផ្ដើម​សេវ​មិន​បាន​ល្អ​ដូចគ្នា ដោយ​ដូរ​គ្នា​ឈ្នះ Breakpoint មុន​ពេល​ដែល​កីឡាករ ស្វី​ស Federer ឈ្នះ 7-6(7-4)​។ តែ​ឈានចូល​សិត​ទី​ពីរ​ហាក់​មិន​តានតឹង​ឡើយដោយ Roger Federer យកឈ្នះ​សិតនេះ​ទៀត 6-4​។ ​ជ័យជំនះ​នេះគឺជា​ជ័យជំនះ​ប្រកួត​ទី40 ក្នុង​ឆ្នាំនេះ​សំរាប់ Roger Federer ក្នុង​កំណត់ត្រា​ឈ្នះ 40 ចាញ់ 4​។ ​​ងាក​មក​ទស្សនា​ការប្រកួត​របស់​កីឡា​ករ​លេខ1 ពិភពលោក Rafael Nadal មិន​ចំណាយ​ពេល​ច្រើន​ឡើយ​ក្នុង ជុំ​ទី​ពីរ​នេះ នៅ​ពេល​ជួប​កីឡាករ​អាមេរិក Jared Donaldson ដោយ​ចំណាយ​ពេល​មិន​ដល់​មួយ​ម៉ោង​ផង​។​ ​កីឡាករ​កំពូល​របស់​អេ​ស្ប៉ា​ញ​រូប​នេះបាន​យកឈ្នះ​ក្នុង​លទ្ធផល​ពិន្ទុ 6-2, 6-1 បី​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពីលើ​ក​ពាន China Open ដែល​យកឈ្នះ Nick Kyrgios នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ជុំ​បន្ទាប់ Nadal នឹង​ត្រូវ​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី Fabio Fognini​។ ​ទស្សនា​គូ​ចុងក្រោយ​នេះ​កីឡាករ​ស៊ែ​បៀ Victor Troicki បាន​ទម្លាក់​កីឡាករ​លំដាប់​លេខ 5 Dominic Thiem ដោយ​ត្រូវ​ចំណាយ​បី​សិត។

​​បរាជ័យ​របស់ Dominic Thiem នៅ​ពេលនេះ​មានន័យថា ​ជា​បរាជ័យ​ក្នុង​ជុំ​ដំបូង​ពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា​ហើយ​។ ​ការប្រកួត​នេះ Thiem តែងតែ​ចាប់ផ្ដើម​បាន​ល្អ​ដើម​សិត​នីមួយៗ តែ​ចុងក្រោយ​តែងតែ​ភ្លាត់ Breakpoint រហូត Troicki យកឈ្នះ​លទ្ធផល 2 សិត 1 ពិន្ទុ 6-3, 3-6 និង 7-5(7-5)​។ ​Troicki នឹង​បន្ត​ជួប​កីឡាករ​កម្ពស់​ខ្ពស់​សេវា​ខ្លាំង​អាមេរិក John Isner នៅ​ជុំ​ទី3៕
​អត្ថបទ​៖​នាង សុភា​វុ​ធ