Sam Bennett បន្ត​ឈ្នះ​ការ​ប្រណាំង​កង់​ដំណាក់កាល​ទី​2 កម្ម​វិធី Tour of Turkey

143

​ប្រណាំង​កង់៖ Sam Bennett សមាជិក​នៃ​ក្រុម​ប្រណាំង Bora-Hansgrohe នៅតែ​បន្ត​ធ្វើ​បាន​ល្អ​ទៀត​ក្នុង​ដំណាក់​កាល​ទី​2 នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់ Tour of Turkey នៅ​ប្រទេស​ទួរគី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​ការ​ណាំង​លើ​ចម្ងាយ​ផ្លូវ 205​គីឡូម៉ែត្រ​, កីឡាករ​អៀរ​ឡង់​រូប​នេះ​មិន​លំបាក​យកឈ្នះ​គូប្រកួត​នោះ​ទេ ដោយ​សារ​រូបគេ​បាន​ប្រើ​បច្ចេកទេស ​ក្នុង​ការ​បញ្ជា​ល្បឿន​កង់​របស់​ខ្លួន​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​​ផ្លូវ ហើយ​បាន​មក​ដល់​ទី​ព្រ័ត្រ​មុនគេ​ក្នុង​ថេរ​លា 6​ម៉ោង 02​នាទី 06​វិនាទី ចំណាត់ថ្នាក់​លេខ​2 នៅតែ​ជា​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក Edward Theuns នៃ​ក្រុម Trek-Segafredo ស្រប​ពេល​ដែល​កីឡាករ​អ៊ីតាលី Riccardo Minali របស់​ក្រុម Astana មកដល់​ក្នុង​វេលា​ដូចគ្នា​ផង​ដែរ​។

​តាមរយៈ​ជ័យជំនះ​នេះ Sam Bennett វ័យ 26​ឆ្នាំ​នៅតែ​បន្ត​នាំមុខ​ក្នុង​តារាង​វេលា​រួម ដោយ​កីឡាករ​អៀរ​ឡង់​រូប​នេះ​មាន​វេលា​ចំណេញ 10​វិនាទី​ពីលើ Edward Theuns ចំណែក​ឯ​កីឡាករ​អ៊ីតាលី Marco Benfatto កំពុង​តាម​ពីក្រោយ​អ្នក​នាំមុខ​រួម​ចំនួន 14​វិនាទី​ផង​ដែរ​។​ ដំណាក់កាល​ទី​3​ ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ចម្ងាយ​ផ្លូវ 129​គីឡូម៉ែត្រ​ចេញពី Fethiye ឆ្ពោះ​ទៅ​ទីក្រុង Mamaris ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​មួយ​ក្នុង​ប្រទេស​ទួរ​គី​៕

​អត្ថ​ប​ទៈ ឈិ​ត រតនា