អារ៉ាប់​រួម​ និង​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​ UN បាន​បញ្ជូន​​ជំនួយ​​ទៅ​​ឲ្យ​​ជន​ភៀស​ខ្លួន​​រ៉ូហ៊ីងយ៉ា​​ក្នុង​ប្រទេស​បង់ក្លាដែស​

37

អារ៉ាប់​រួម៖ ​ប្រទេស​អារ៉ាប់​រួម​ និង​ទី​ភ្នាក់ងារ​​ជន​ភៀស​ខ្លួន​​អង្គការ​សហប្រជាជាតិ​​​ បាន​ចាប់​ផ្ដើម​​ផ្ដល់​ជំនួយ​​តាម​យន្តហោះ​​​ទៅ​​ឲ្យ​ប្រទេស​បង់ក្លាដែស​​ ដែល​​នៅ​ទី​នោះ​​ត្រូវ​គេ​​ប៉ាន់ប្រមាណ​​ថា​មាន​ជន​ភៀស​ខ្លួន​​​​រ៉ូហ៊ីងយ៉ា ៨សែន​ ៩​ពាន់​នាក់​កំពុង​ស្នាក់​នៅ​​​ បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ចេញ​​​ពី​អំពើ​ហិង្សា​​ និង​ការ​ធ្វើ​​ទុក្ខ​បុក​ម្នេញ​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

​កញ្ចប់​ជំនួយ​​រាប់​រយ​​ត្រូវ​​បាន​​គេ​ដឹក​​ជញ្ជូន​​ ដាក់​ទៅ​​លើ​​យន្តហោះ​មួយ​គ្រឿង​​កា​ល​ពី​ព្រឹក​ថ្ងៃ​​ពុធ​ម្សិលមិញ​ ភាគ​ច្រើន​ជា​​​​សម្ភារៈ​​សម្រាប់​សង់​ជម្រក​​ ក្នុង​នោះ​មាន​ទាំង​​តង់​កៅស៊ូ និង​កន្ទេល​ដេក​ផង​ដែរ។ ​កិច្ច​សហប្រតិបត្តិការ​រវាង​​ប្រទេស​អារ៉ាប់​រួម​​ហៅ​កាត់​ UAE និង​ឧត្ដម​ស្នងការ​ទទួល​​បន្ទុក​ជន​ភៀស​ខ្លួន ​​អង្គការ​​សហប្រជាជាតិ​​ហៅ​កាត់ UNHCR និង​​ត្រួត​ពិនិត្យ​មើល​ការ​​​ផ្ដល់​ជំនួយ​​ជា​ប្រចាំ​​ ទៅ​ឲ្យ​ជន​ភៀស​ខ្លួន​​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​​ ដោយ​មាន​ទាំង​​ការ​ដឹក​ជញ្ជូន​​​ជំនួយ​​តាម​​យន្តហោះ​​​ចំនួន ២​គ្រឿង​​ថែម​ទៀត​​ដែល​​​គ្រោង​ធ្វើ​ឡើង​​​នៅ​ក្នុង​​ខែ​នេះ​ ហើយ UAE នឹង​ផ្ដល់​​គ្រឿង​​ភស្តុតាង ​​ក្នុង​នោះ​មាន​ទាំង​​ឃ្លាំង​ស្តុក​​សម្ភារៈ​ និង​ការ​ដឹក​ជញ្ជូន​​ ដើម្បី​ចែក​ចាយ​ជំនួយ​​ដែល​បាន​ផ្ដល់​​ឲ្យ​​ដោយ UNHCR។

ឆ្មាំ​ព្រំដែន​​បង់ក្លាដែស​​បាន​រាយការណ៍​ថា ជន​ភៀស​ខ្លួន​​​​រ៉ូហ៊ីងយ៉ា​​ជាង ១ម៉ឺន ១​ពាន់​នាក់ ​​បាន​ភៀស​ខ្លួន​​ឆ្លង​កាត់​ព្រំដែន​​ចូលក្នុង​ប្រទេស​បង់ក្លាដែស ​​ចេញ​ពី​​​​ប្រទេស​មីយ៉ាន់ម៉ា​​កាល​ពី​ថ្ងៃ​​ចន្ទ​ដើម​សប្ដាហ៍​​នេះ​ ជា​ចំនួន​​កើន​ឡើង​​ភ្លាមៗ​​ដែល​ជា​ធម្មតា ​​កម្រិត​នៃ​ការ​​ហូរ​ចូល​​ជន​ភៀស​ខ្លួន​​​​​​រ៉ូហ៊ីងយ៉ា ​​ក្នុង​មួយ​ថ្ងៃ​​មាន​ប្រហែល​ ២​ពាន់​នាក់​កាល​ពី​សប្ដាហ៍​មុន​​ នេះ​បើ​យោង​តាម​​ការ​បញ្ជាក់​​ពី​ក្រុម​​ភ្នាក់ងារ​​ផ្ដល់​ជំនួយ​៕

អត្ថបទ៖ រិទ្ធី