គ្រូ​បង្វឹក​ថ្មី​របស់​វៀតណាម​មាន​មហិច្ឆតា​ដឹកនាំ​ក្រុម​ឲ្យ​ឈរ​លំដាប់​កំពូល 100 នៃ FIFA World Ranking

117

បាល់ទាត់៖ ​គ្រូ​បង្វឹក​ដែល​ទើប​តែងតាំង​ថ្មី​សញ្ជាតិ​កូរ៉េ​លោក Park Hang-Seo មាន​មហិច្ឆតា​ដឹកនាំ​ក្រុម​ជំរើស​ជាតិ​វៀតណាម អោយ​ចូល​ទៅ​ក្នុង​លំដាប់​កំពូល 100 នៃ FIFA World Ranking នៅ​ពេល​កិច្ច​សន្យា​របស់​លោក​បញ្ចប់​។

​​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ពិធី​តែងតាំង​លោក Park Hang-Seo អោយ​ដឹង​ថា លោក​មិន​បាន​ដឹង​ច្រើនពី​បាល់ទាត់​វៀតណាម​ឡើយ តែ​ក្រោយមក​លោក​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជាច្រើន និង​បាន​ចូលរួម​ទស្សនា​ការប្រកួត​ដែលវៀតណាម​យកឈ្នះ​កម្ពុជា 5-0​។ នៅ​ពេល​នេះ​លោក​ហ៊ាន​និយាយ​ថា នឹង​នាំ​ក្រុម​វៀតណាម​អោយ​មាន​ចំណាត់ថ្នាក់​ក្នុង​តារាង FIFA World Ranking ឡើង​ដល់ Top 100​។ ​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ​បុរស​សញ្ជាតិ​កូរ៉េ​រូប​នេះ​ បាន​ចុះហត្ថលេខា​ពីរ​ឆ្នាំដឹកនាំ​ក្រុម​បាល់ទាត់​ជំរើស​ជាតិ​វៀតណាម​។ ក្រោយមក​លោក​នឹង​វិល​ទៅ​ទឹកដី​កំណើត​វិញបញ្ចប់​ការងារ​ដឹកនាំ​ក្រុម Changwon FC នៅ​ក្នុង​ក្រប​ខណ្ឌ K3 League ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​23 ខែ​តុលា​នេះ​។

​​សូម​បញ្ជាក់​ថា ក្រុម​វៀតណាម​កំពុង​មាន​លំដាប់ថ្នាក់​ទី​130 ក្នុង​តារាង FIFA World Ranking ហើយ​កំពុង​ឈរ​លេខ2 មាន 8ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​កំពូល​តារាង​ហ្សកដានី​ក្នុង​វគ្គ​ជំ​រុះ AFC Asian Cup 2019 អារ៉ាប់​រួម​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ