សមត្ថកិច្ច​កម្ពុជា បញ្ជូន​ជន​ជាតិចិន ​និង​ឥណ្ឌូនេស៊ី ​ពាក់ព័ន្ធ​អំពើ​ជំរិត​ទារ​ប្រាក់​តាម ​internet ​៧៤​នាក់ ទៅ​ប្រទេស​ខ្លួន​វិញ

73

ភ្នំពេញ ៖ ​ក្រុម​ជនជាតិ​ចិន ​និង​ឥណ្ឌូនេស៊ី ​ប្រុស ស្រី ៧៤​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​កាល​ពេល​កន្លងទៅ ​ពាក់ព័ន្ធ​នឹង​អំពើ​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ Internet ត្រូវបាន​សមត្ថកិច្ច នៃ​អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ​ធ្វើការ​បញ្ជូន​ចេញពី​កម្ពុជា ​ទៅកាន់​ប្រទេស​ដើម​របស់​ខ្លួន​វិញ តាម​ជើង​ហោះហើរ​ នៅ​ថ្ងៃទី​១២ ​ខែតុលា ឆ្នាំ​២០១៧​នេះ ។

កា​រ​បញ្ជូន​ខ្លួន​ក្រុម​ចិន​ជំរិត​ទារប្រាក់​ទាំង​៧៤​នាក់​នេះ​ ធ្វើឡើង​ដោយមាន​ការ​សហការ​រ​វាង​នគរបាល​កម្ពុជា ជាមួយ​នគរបាល ​នៃ​ប្រទេស​ចិន​ផងដែរ ។

ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត ​ និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ​អោយដឹងថា ​ក្រុម​ជនជាតិ​បរទេស​ទាំង​២ ​សញ្ជាតិ​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ​កាលពីពេល​ថ្មីៗ ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សីហ ​ពាក់ព័ន្ធ​នឹង​អំពើ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ internet ដោយ​ពួកគេ​យក​ប្រទេស​កម្ពុជា​ ជា​កន្លែង​ស្នាក់​ប្រាស្រ័យ ហើយ ​បញ្ជា​តាម​ប្រព័ន្ធ internet ​ចេញពី​កម្ពុជា​ទៅ​ជំរិត​ពលរដ្ឋ​ចិន​ដូចគ្នា ​នៅឯ​ប្រទេស​របស់ខ្លួន ។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ​ប្រធាន​នាយកដ្ឋាន​ បាន​បញ្ជាក់​ថា​ ដំបូង ពួកគេ ប្រើ​ប្រព័ន្ធ​ wechat​ ទំនាក់​ទំនង​ជាមួយ​ប្រជាពលរដ្ឋ​ចិន​ដូចគ្នា​ជា​មនុស្ស​ប្រុស​ ដែល​ភាគច្រើន​សុទ្ធ សឹង ​ជា​មន្ត្រីរាជការ ​និង​គ្រូបង្រៀន ​ដោយ​បាន​សាសង​ស្នេហា​គ្នា​ទៅមក​រហូត​ឈាន​ទៅ​ ដល់​ការ​សម្រាត​សំលៀកបំពាក់ ​ថត​ជា​វី​ឌី​អូ​មើលគ្នា​ទៅមក ​។ ក្រោយ​សម្រាត​សំលៀកបំពាក់​រួច ក្រុមទី​២​ ដែល​ជា​មនុស្ស​ប្រុស ​បាន​ទំនាក់ទំនង​ទៅ​ជនរងគ្រោះ ​ដោយ​គំរាម​ថា ​បើ​មិន​ព្រម​អោយ​ប្រាក់​គ្រប់​ចំនួន​ដែល​ពួកគេ​ស្នើ​សុំ​នោះទេ ​ពួកគេ​នឹង​បញ្ចេញ​រូប​អាក្រាត​កាយ​រប​ស់​ជ​ន​រងគ្រោះ​ចេញទៅ​គ្រប់​បណ្តាញ​សង្គម ​លើ​ប្រព័ន្ធ internet ទាំងអស់ ។

សូមបញ្ជាក់ថា កា​រ​បញ្ចូល​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារ​ប្រាក់​តាម​ internet ​ទៅកាន់​ប្រទេស​ខ្លួន​វិញ​តាម​ជើង​ហោះហើរ នៅពេលនេះ​ គឺជា​កា​រ​បញ្ជូន​លើក​ទី​១៤​ហើយ​ បើ​គិត​ចាប់​តាំងពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បង្កើត​មក ​។ ដែល​ទាំង​១៤​លើក​នេះ ​គឺ​មាន​មនុស្ស​សរុប​ជាង ៥០០​នាក់ ។

ចាប់ពី​ខែមករា ឆ្នាំ​២០១៧ មកដល់​ខែកក្កដា​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្ដេញ​ជនជាតិ​បរទេស​ដែល​ចូល​មក​ធ្វើការ និង​រស់នៅ​ដោយ​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សរុប​ទាំងអស់​ចំនួន​ ជាង​១០០០​នាក់ ស្មើនឹង​៣៥​សញ្ជាតិ​ ដែល​ក្នុង​នោះ​ភាគច្រើន​គឺជា​ជនជាតិ​វៀតណាម ៕