ឯកឧត្ដម ​ សុខ ឥ​សាន្ត​ ៖ ​ការ​ស្នើ​របស់​អ្នកវិភាគ​ និង​ក្រុម​ប្រឆាំង​ គឺជា​ទស្សនៈ​ឡប់ៗ

1315

ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ឯកឧត្ដម ​ សុខ ឥ​សាន្ត ​បាន​ថ្លែង​ប្រតិកម្ម​ទៅ ​នឹង​សម្ដី​របស់​អ្នកវិភាគ​ និង​បក្សពួក​ប្រឆាំង ​ដែល​និយាយ​ទាមទារ​ឲ្យ​ដោះលែង​លោក ​កឹម សុខា​។

ប្រតិកម្ម​នេះ ​កើតមានឡើង​បន្ទាប់ពី​លោក ​លឺ ឡាយស្រេង ​លើកឡើង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស ស្នើ​ឲ្យ​មាន​វប្បធម៌​សន្ទនា​ និង​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ដោះស្រាយ ​ឲ្យ​មានការ​ដោះលែង​លោក ​កឹម​ សុខា​ ឲ្យ​បាន​មុន​ថ្ងៃ ២៣ តុលា ២០១៧ ​ដែល​ជា​ថ្ងៃ​ខួប​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ ហើយ​ថា ​ចង់​ឲ្យ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ នយោបាយ​នៅ​កម្ពុជា​។

បើ​តាម​ឯកឧត្តម​ សុខ ឥ​សាន្ត ទស្សនៈ​បែបនេះ​ គឺ​ការ​បញ្ចេញ​ទស្សនៈ ​បែប​ឡប់ៗ ​គឺជា​រឿង​ដែល​មិន​អាច​កើតឡើង​។​ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ​ឯកឧត្តម​ សុខ ឥ​សាន្ត បាន​ហៅ​ការ​បញ្ចេញ​មតិ​ខាងលើ របស់​ក្រុម​ប្រឆាំង​ថា ​ជា​ការ​បញ្ចេញ​ទស្សនៈ​ឡប់ឡែ ​ដែល​រឿង​ទាំងនោះ​មិន​អាច​កើតឡើង​ទៅរួច​នោះទេ​។​ ឯកឧត្ដម ​ពន្យល់ថា​ វប្បធម៌​សន្ទនា​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ដោយសារ​ ភាពមិនស្មោះត្រង់​របស់​មេបក្ស​ប្រឆាំង​។ ​ម្យ៉ាងទៀត ​ព្រះមហាក្សត្រ​ទ្រង់​មិន​កាន់ជើង​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់ ដូច​លោក​ កឹម សុខា ដែល​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ​ចង់​នាំ​ប្រទេសជាតិ ដាក់​ក្រោម​នឹម​ត្រួតត្រា​បរទេស​ដូច​អតីតកាល​។ ឯកឧត្ដម ​ សុខ ឥ​សាន្ត អះអាងថា ​ការ​ចង់​ឲ្យ​អន្តរជាតិ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ម​កលើ​កម្ពុជា ​នោះ​អត់​ផ្លូវ​ទេ​។​ មន្ត្រីជាន់ខ្ពស់​ទូត​អាមេរិក និង​អឺរ៉ុប បាន​បញ្ជាក់​ហើយ​ថា​ ការងារ​សេដ្ឋកិច្ច លក្ខខ័ណ្ឌ ​ការងារ​របស់​កម្មករ​និយោជិត​ល្អ​នៅ​កម្ពុជា មិនបាន​ផ្សារភ្ជាប់​ជាមួយ​បញ្ហា​ដទៃទៀត​ទេ​។ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ​នៅតែ​បើកទូលាយ​ទីផ្សារ​សម្រាប់​​កម្ពុជា ​និង​បង្កើន​ការ​នាំចូល​ផលិតផល​ឧស្សាហកម្ម​ពី​កម្ពុជា​។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដដែល ​រូបនេះ​បន្តថា​ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​កោះប្រជុំ​ដោះស្រាយ​បញ្ហា​កម្ពុជា​ តែ​ពេលណា​មាន​ការឈ្លានពាន​ពី​ខាងក្រៅ​ដែល​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព អធិបតេយ្យ​ជាតិ​កម្ពុជា ​និង​នាំ​ឲ្យ​អន្តរាយ​ដល់​ភាព​មិន​អាច​បំបែក​បាន​របស់​កម្ពុជា​ប៉ុណ្ណោះ ។ ​ក្រៅ​ពី​នេះ​ គេ​មិន​លូកដៃ​ចូល​ទេ ។

លោក ​កឹម សុខា​ បាន​ប្រព្រឹត្ត​បទល្មើស​សន្និដ្ឋិភាព​ជា​មួយ​បរទេស ​បង្កើត​អំពើ​ប្រទូសរ៉ាយ ​ដល់​ផល​ប្រយោជន៍​ប្រទេសជាតិ ​ដែល​ត្រូវ​ប្រឈម​ចំពោះ​មាត្រា ​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ពីបទ​ក្បត់ជាតិ​។ ​រាជរដ្ឋាភិបាល ​និង​គណបក្ស​ប្រជាជន​កម្ពុជា ​មិនបាន​បង្កើត​ទោស​ជូន​លោក កឹម សុខា ទេ តែ​លោក កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ខ្លួនឯង ​ហើយ​ច្បាប់​ជា​អ្នកចោទ​ទោស​របស់​លោក កឹម សុខា​។ ​ដោយឡែក ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្សប្រឆាំង​ គឺ​យោង​ទៅតាម​អំពើ​ប្រព្រឹត្ត​របស់​សាមី​គណបក្ស ​ដែល​ត្រូវ​ប្រឈម​ នឹង​មាត្រា​៦​ថ្មី​ មាត្រា​៧​ថ្មី មាត្រា​៣៨​ថ្មី និង​មាត្រា​៤៤​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​។​

យ៉ាងណាក៏ដោយ​បើតាម​ឯកឧត្ដម សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ រឿង​ទាំងអស់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​បក្សប្រឆាំង និង​បក្សប្រឆាំង ​គឺ​កើតឡើង​ពី​ទង្វើ និង​អំពើ​ប្រព្រឹត្ត​របស់​សាមីជន និង​សាមី​គណបក្ស​តែប៉ុណ្ណោះ កុំ​បន្ទោស​លើ​អ្នកដទៃ​៕