ឧទ្យា​នុរក្ស​ ត្រូវ​បាន​បណ្តុះ​បណ្តាល​ពី​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ

196

ស្ទឹងត្រែង ៖ ​មន្ត្រី​ឧទ្យានុរក្ស​ នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំ​ នៃ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស ​ត្រូវ​បាន​បណ្តុះ​បណ្តាល​ពី​វិធី ​សាស្ត្រ​ល្បាត​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​ ដើម្បី​ធានា​ដល់​ការ​ងារ​បង្ក្រាប​បទ​ល្មើស​ធម្មជាតិ​ឲ្យ​មានប្រសិទ្ធភាព​។

ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល ​កាលពី​ម្សិល​ម៉ិ​ញ ក្នុង​ខេត្តស្ទឹងត្រែង​ ស្តីពី​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​ដល់​មន្ត្រី​ឧទ្យាន​អនុរក្ស​ចំនួន​៨៥​នាក់ ​មកពី​ខេត្តស្ទឹងត្រែង ​ក្រចេះ​ មណ្ឌលគិរី​ ខេត្តរតនគិរី ​និង​ខេត្ត​ត្បូងឃ្មុំ​ ឯកឧត្តម ផៃ ប៊ុន​ឈឿន ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​ស្នើ​ដល់​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់ ​ត្រូវ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ​ហាម​ឃុបឃិត ​និង​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​ ដូចជា​ ព្រៃឈើ រ៉ែ ជលផល​ ជាដើម ​ដែល​អាច​ប្រឈរ​មុខ ​ទៅ​នឹង​ការ​ដក​ការងារ​ចេញពី​មន្ត្រី​។

ឯកឧត្តម​ បាន​ឲ្យ​ដឹងថា​ មន្ត្រី​ឧទ្យានុរក្ស​ទាំងនេះ ​ដែល​ពីមុន​គ្រាន់តែ​ជា​ភ្នាក់ងារ​អនុរក្ស​មិនមែន​ក្រប ខណ្ឌ​ដែល​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​បន្តិចបន្តួច​នោះ ​ឥឡូវ​បាន​ក្លាយ​ជា​មន្ត្រី​ក្របខ័ណ្ឌ​​មុខងារ​សាធារណៈ រ​បស់​ក្រសួងបរិស្ថាន​ និង​មាន​ប្រាក់​បៀវត្ស​ត្រឹមត្រូវ​ទៀតផង​។ ​លើសពីនេះ ​កម្លាំង​ទាំងនេះ​ជា​កម្លាំង​ពាក់​កណ្តាល​ប្រដាប់​អាវុធ ​អាច​ប្រើប្រាស់​អាវុធ​បាន​ថែមទៀត​។

ឯកឧត្តម ​បាន​ថ្លែងអំណរគុណ​ចំពោះ​លោកគ្រូ​យោធា​ចា​រ្យ ដែល​បាន​ចំណាយ​ពេល​ជួយ​បង្ហាត់​បង្រៀន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងនេះ​តាំង​ពីដើម​រហូតដល់​ចប់​ប្រកបដោយ​ជោគជ័យ​។

លោក​វរសេនីយ៍ត្រី សយ សុភ​ក្ត្រ ​អនុប្រធាន​គ្រប់គ្រង​វគ្គ​បណ្តុះបណ្តាល​ បាន​ឲ្យ​ដឹងថា ​មន្ត្រី ​ឧទ្យានុ​រក្ស​ទាំងនេះ ​ត្រូវ​បាន​បណ្តុះ​បណ្តាល រ​យៈ​ពេល​១៥​ថ្ងៃ​ លើ​មុខវិជ្ជា​កាយសម្ព័ន្ធ​កីឡា ឋាន​លេខា ​លំ​ហាត់​របៀប បច្ចេកទេស​ថ្មើរជើង អប់រំ​ចិត្តសាស្ត្រ ​និង​មុខ​វិជ្ជាពេទ្យ​។​ ជា​លទ្ធផល សិក្ខា​កាម​ទាំងអស់​បាន​ទទួល​នូវ​ការ​បណ្តុះ​បណ្តាល​ពី​គ្រូ​ជំនាញ​ជាច្រើន​នាក់​ប្រកបដោយ​ជោគជ័យ​៕