អភិបាល​ខេត្ត​កំពង់ធំ ​ជំរុញ​ដល់​ពលរដ្ឋ​​ត្រូវ​​រួមគ្នា​គោរព​ច្បាប់ ​នឹង​លុប​បំបាត់​បទល្មើស​នេសាទ

204

កំពង់ធំ ៖ ​អភិបាល​ខេត្តកំពង់​ធំ​ បាន​​ជំរុញ​​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​​ចេះ​ស្រឡាញ់​ធន​ធាន​ធម្មជាតិ ​រួមគ្នា​គោរព​ច្បាប់ ​​នឹង​លុបបំបាត់​បទល្មើស​នេសាទ​​ ក្នុង​គោល​បំណង​កំណែទម្រង់​ស៊ីជម្រៅ​វិស័យ​ជល​ផល ​និង​វិធានការ​របស់​រាជរដ្ឋាភិបាល។

ឯកឧត្តម ​សុខ​ លូ ​អភិបាល​ខេត្តកំពង់ធំ​ ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ខេត្តកំពង់ធំ​ ​មាន​ប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​ ចំនួន ៤៥៧​គ្រួសារ​ នៅ​ឃុំ​ពាម​បាង ​ស្រុក​ស្ទោង​ ខេត្តកំពង់ធំ ​​​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧នេះ​ ។

ឯកឧត្តម​ ​បាន​​ជំរុញ​ដល់​ពលរដ្ឋ​​ទៀត​ថា​ ត្រូវ​​ទប់ស្កាត់​ នឹង​បង្ក្រាប​បទល្មើស​ជលផល ​ឲ្យ​យល់​កាន់​តែច្បាស់​ ពី​យុទ្ធនាការ​ នៃ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ និង​​លុបបំបាត់​ការប្រើប្រាស់​ឧបករណ៍​ឆក់​ត្រជាក់​ ឆក់​ក្ដៅ ​យាំងកាវ​ ឈិបរុញ​ដោយ​ប្រើ​កម្លាំង​ម៉ាស៊ីន​ អួន​អូស​ និង​លូ​ស្បៃ​មុង ដែល​ឧបករណ៍​បង្ក​គ្រោះថ្នាក់​ដល់​ធនធាន​ជលផល​។

ក្នុង​ឱកាស​​នោះ​ដែរ​ ឯកឧត្តម សុខ លូ បាន​មានប្រសាសន៍​ថា ​ «​ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែ​មាន​កាកបាទក្រហម​» ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ការ​បាទ​ក្រហម​កម្ពុជា ​បូករួម​ជាមួយ​ នឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សប្បុរសជន​ ជា​បុគ្គល​ ជា​អង្គភាព​ក្រុមហ៊ុន ​និង​ជា​អង្គការ​សង្គម​ស៊ីវិល​។

ឯកឧត្តម សុខ លូ ​បាន​បន្ថែម​ទៀត​ថា​ អំណោយ​របស់​កាកបាទក្រហម​កម្ពុជា ​ដែល​បាន​ពី​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ​របស់ សប្បុរសជន និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ​គឺ​សម្រាប់​ជួយ​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទីទ័លក្រ ​កំពុង​ជួប​ការ​លំបាក ​និង​ចាស់ជរា ​ដោយ​មិន​ប្រកាន់​ ពូជសាសន៍ ពណ៌ សម្បុរ ​និន្នាការ​នយោបាយ អ្វី​ឡើយ​។

ចុង​បញ្ចប់​ ឯកឧត្តម បាន​ផ្ដាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ​ឲ្យ​ថែរក្សា​សុខភាព ​ពិសារ​អាហារ​ដែល​ចម្អិន​បាន​ល្អ ផឹក​ស្អាត​ រស់​នៅ​មាន​អនាម័យ​ បើ​មាន​ជំងឺ​ឈឺថ្កាត់ ​ឲ្យ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​ក្នុង​ពិធី​ចែក​អំណោយ​នេះដែរ ​ដោយ​មួយ​គ្រួសារ​ទទួល​បាន ៖ អង្ករ ៣០​ គីឡូ​ ត្រី ខ ១​យួរ មី ១​កេស និង​ឃីត​ ១កញ្ចប់​៕