មន្ត្រី​កាំកុងត្រូល​ភ្នំពេញ​ចុះ​ឆែកឆេរ​ចំណីអាហារ​នៅ​ផ្សារ​ដើម​គរ​រក​ឃើញ​ជាតិគីមី​នៅ​ក្នុង​មី ​និង​ជ្រក់ស្ពៃ​

246

 ភ្នំពេញ៖ មន្ត្រី​កាំកុងត្រូល​ផែ​ស្ងួត​ចុង​ទី​ភ្នំពេញ​បាន​ចុះ​នៅ​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ​ឆែកឆេរ​ចំណីអាហារ​បន្លែ​ប្រមាណ​ជិត​មួយរយ​មុខ នៅ​ផ្សារ​ដើម​គរ​ដោយ​បាន​រកឃើញ​នូវ​មី​មាន​ផ្ទុក​គីមី​ប៉ូ​រ៉ា​ក់​ច្រើន​និង​ជាតិ​សាលី​អាស៊ីត​នៅក្នុង​ជ្រក់ស្ពៃ និង​ជ្រក់ត្រសក់​ដែល​សារធាតុ​ហាមឃាត់​ទាំងនេះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ហូប​ខ្លាំង​។​

​​ថ្លែងប្រាប់​​អ្នកយកព័ត៌មាន​ ខណៈ​កំពុង​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​នៅ​ផ្សារ​ដើម​គរ​នោះ លោក គង់ វុទ្ធី អនុប្រធាន​សាខា​កាំកុងត្រូល​ផែស្ងួត​ចុង​ទី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិ​ការ​ចុះពិនិត្យ​ទំនិញ​នេះ គឺ​ធ្វើឡើង​តាម​ការណែនាំ​ពី​ប្រធាន​ប្រតិភូ​ទទួលបន្ទុក​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល និង​លោក​ប្រធាន​សាខា​ផែស្ងួត​ចុង​ទី​ភ្នំពេញ​។​

​​​លោក​បន្ត​ថា ការចុះពិនិត្យ​ទំនិញ​នៅ​ផ្សារ​ដើម​គរ​នេះ​ក្រុមការងារ​របស់លោក​បាន​យក​ទំនិញ​ចំនួន​៨២​មុខ​ពី​ក្រុមអាជីវករ​ផ្សារ​ទៅពិនិត្យ​ក្នុង​ឡាន​ឡា​ប៉ូ​ពិសោធន៍​ស្វែងរក​សារធាតុ​គីមី​ភ្លាមៗ​តែម្តង​។ ​ដោយ​ជាក់ស្តែង​ បាន​ពិនិត្យ​រកឃើញ​មាន​សារ​ធាតុគីមី​នៅក្នុង​ទំនិញ​ចំនួន​បី​មុខ រួមមាន មី​ពណ៌​លឿង​ជាច្រើន​គីឡូក្រាម​ដែល​មាន​ផ្ទុក​ជាតិគីមី​បូរ៉ា​ក់ និង​ស្បៃ​ជ្រក់​និង​ជ្រក់​ត្រសក់​មាន​ជាតិ​សាលី​អាស៊ីត ដែល​សារធាតុ​ទាំងនេះ​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល​យ៉ាងខ្លាំង​ដល់​សុខភាព​របស់​អ្នក​បរិភោគ​។​

​​​តែ​យ៉ាងណាក្តី​ទំនិញ​ដែល​បាន​រក​ជើ​ញ​នោះ​ត្រូវបាន​មន្ត្រី​ជំនាញ​របស់លោក​ធ្វើការ​រឹបអូស​យក និង​ឲ្យ​អាជីវករ​ចុះកិច្ចសន្យា​ឈប់​លក់​និង​បង្ហាញ​ប្រភពពី​ម្ចាស់​ដើម និង​ម្ចាស់​សហគ្រាស​ដែល​ធ្វើ​ការផលិត​នោះ​ផងដែរ​។​

​​​ជាមួយគ្នា​នោះ​ដែល​លោក គង់ វុទ្ធី​ក៏បាន​ណែនាំ​ដល់​ក្រុមអាជីវករ​ទាំង​អស់ដា​ក់​តាំង​លក់​ផលិតផល​អោយ​ត្រូវ​តាម​លក្ខ​ណៈ​បច្ចេកទេស ដោយ​ញែក​ចេញពី​គ្នា​រវាង​គ្រឿង​ប្រើប្រាស់​ដែល​ផ្ទុក​សារធាតុពុល​និង​ម្ហូបអាហារ ហាម​ការ​ដាក់តាំង​ផលិតផល​ភេសជ្ជៈ​ត្រូវ​កំដៅ​ថ្ងៃ និង​ការ​ដាក់​លក់​ផលិតផល​ហួស​កាលបរិច្ឆេទ​ជាដើម​ផងដែរ​។

​​​លោក​ក៏បាន​អំពាវនាវ​ដល់ អាជីវករ អ្នក​ចែកចាយ​លក់ដុំ លក់រាយ អ្នក​ផលិត នាំចូល​ចែកចាយ ត្រូវតែមាន​ប្រភព​ច្បាស់លាស់​សិន​មុននឹង​ទទួល​លក់ ហើយ​បញ្ជ​ប់​ការ​លាយ​បន្ថែម​នូវ​សារ​ធាតុគីមី ទៅលើ​ផលិតផល​ម្ហូបអាហា​រដែ​ល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។

តែ​យ៉ាងណាក្តី​នៅក្នុង​ប្រតិបត្តិការ​ក៏មាន​អាជីវករ​ខ្លះ​មិន​ព្រមធ្វើ​ការសហការ​ជាមួយ​ក្រុម​ជំនាញ​ការងារ​របស់លោក​ក្នុងការ វែកមុខ​ចំពោះ​ប្រភព​ដែល​ផលិត​គ្រឿង​បរិភោគ​ដែលមាន​ជាតិគីមី​នេះ​ផងដែរ ជាក់ស្តែង​ដូច​អាជីវករ មួយ​រួប​ដែល​លក់​មី​ដែលមាន​សារធាតុ​គីមី​បូរ៉ា​ក់​គាត់​មិន​ព្រមធ្វើ​ការដោះស្រាយ ជាមួយ​ក្រុមការងារ​ហើយ ថែមទាំង​លាក់​ប្រភព​ទៀតផង​។ យ៉ាងណាក្តី​លោក​នឹងមាន​ចំណាត់ការ​ចំពោះ​រឿងនេះ​ទៅតាម​ច្បាប់​៕