មេបញ្ជាការ​កងទ័ព​សហភាព​មី​យ៉ាន់​ម៉ា​អះ​អាង​ថា ជន​មូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​មិន​មែន​ជា​ជន​ជាតិ​ដើម

162

មី​យ៉ាន់​ម៉ា៖ មេបញ្ជាការ​កងទ័ព​ស​ហ​ភាព​មី​យ៉ាន់​ម៉ា​ លោក​នាយ​ឧត្ដមសេនីយ៍ មីន អ៊ុង​លាំង បាន​និយាយ​ប្រាប់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថា ជន​មូ​ស្លីម​រ៉ូ​ហ៊ីង​យ៉ា​មិន​មែន​ជា​ជន​ជាតិ​ដើម​ របស់​សហ​ភាព​មី​យ៉ាន់​ម៉ា​នោះ​ទេ​។

លោក​បាន​ថ្លែង​បែបនេះអំឡុង​កិច្ចប្រជុំ​មួយ ​ដែល​លោក​មិនបាន​លើកឡើង​ពី​ការចោទប្រកាន់ ​លើ​ការ​រំលោភ​បំពាន​ពី​សំណាក់​កងទ័ព​មី​យ៉ាន់​ម៉ា ហើយ​លោក​បាន​និយាយ​ថា សារព័ត៌មាន​បាន​សម​គំនិត​គ្នា​បំប៉ោង ​ចំនួន​ជនភៀសខ្លួន​ដែល​បាន​រត់គេច​ចេញពី​រដ្ឋ​រ៉ា​ឃី​ន​។​ យោង​តាម​សេចក្ដី​រាយ​ការណ៍​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ Facebook របស់​លោក​បាន​ឲ្យ​ដឹង​ថា លោក ​មីន អ៊ុង​លាំង បាន​និយាយ​រៀបរាប់​យ៉ាង​ទូលំទូលាយ​បំផុត​ពី​វិបត្តិ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ​ដែល​មាន​គោលដៅ​មក​លើ​ទស្សនិកជន​អន្តរជាតិ ​អំឡុង​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក​ ស្កុ​ត ម៉ា​ស៊ី​ល​។​

​សូម​បញ្ជាក់​ថា លោក​ឧត្ដមសេនីយ៍​ម្នាក់​នេះ គឺជា​មនុស្ស​ដែល​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​ភាគច្រើន​កាន់​ព្រះពុទ្ធសាសនា ហើយ​គោលជំហរ​មិន​ព្រម​សម្រុះសម្រួល​របស់​លោក បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​រសើប​តិចតួច​បំផុត​ ចំពោះ​រូបភាព​យោធា​មកលើ​វិបត្តិ​ដែល​នាំ​ឲ្យ​មាន ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង​ការ​ចោទសួរ​ពី​ការ​ផ្លាស់ប្ដូរ​លទ្ធិប្រជាធិបតេយ្យ​ ក្រោម​ការដឹកនាំ​របស់​ម្ចាស់​ជ័យ​លាភី​ណូបែល​សន្តិភាព​លោកស្រី ​អ៊ុង សាន​ស៊ូ​ជី​។ ​ដោយឡែក​យុទ្ធនាការ​បោសសំអាត​របស់​យោធា​ ពេញ​និយម​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ជា​កន្លែង​ការ​អាណិត​អាសូរ​មាន​តិចតួច​ណាស់ ​សម្រាប់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​៕
អត្ថបទ៖ សារ៉ាត់