ពលរដ្ឋ​ស៊ី​រី​រាប់​ម៉ឺន​នាក់​ដែល​ជម្លៀស​ចេញពី​ខេត្ត​ដេអាល់ហ្ស័​រ​បាន​ទៅ​ដល់​ជំរំ​ក្នុង​ទីក្រុង​អាល់​ហា​សា​កា

107

ស៊ីរី៖ ពលរដ្ឋ​ស៊ី​រី​រាប់​ម៉ឺន​នាក់​ដែល​រត់គេច​ចេញពី​ការ​ផ្លោង​គ្រាប់កាំភ្លើង និង​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ខេត្ត​ដេអាល់ហ្ស័​រ​នោះ បាន​ធ្វើ​ដំណើរ​ទៅដល់​ជំរំ​ស្នាក់នៅ​បណ្ដោះអាសន្ន ស្ថិតនៅ​ភាគ​ខាង​ត្បូង​ទីក្រុង​អាល់​ហា​សា​កា​កាលពី​ថ្ងៃ​ពុធ ស្រប​ពេល​ដែល​ជំរំ​មួយ​នេះ​ផ្ទុក​មនុស្ស​លើស​ចំណុះ ព្រមទាំង​កង្វះខាត​សេវាកម្ម និង​សំពត់​តង់​នោះ​។​​ប្រធាន​គ្រប់គ្រង​ជំរំ​លោក​ អាណា​ស់ អូ​ម៉ា បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រថា មនុស្ស​ប្រហែល​២៧.០០០​នាក់បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ត្រឹម ​១៩.០០០​នាក់​ប៉ុណ្ណោះ​។​ ​វីដេអូ​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ​ ឃើញ​ជនភៀសខ្លួន​ជាច្រើន​បាន​ឈរ​តម្រង់​ជួរ​ ដើម្បី​រង់ចាំ​ទទួល​ជំនួយ​មនុស្សធម៌ និង​ទឹក​ផឹក​។​ ​គួរ​ឲ្យ​ដឹង​ថា កងទ័ព​ស៊ី​រី និង​ក្រុម​សម្ព័ន្ធមិត្តបាន​ចូល​ទៅដល់​ខេត្ត​ដេ​អាល់​ហ្ស័​រ​កាលពី​ខែ​កញ្ញា​កន្លងទៅ ក្រោយ​ធ្វើសង្គ្រាម​អស់​រយៈពេល​ ១​ខែ​ដោយ​ឆ្លងកាត់​តំបន់​វាល​ខ្សាច់​មួយ​នេះ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ពួកគេ​បាន​រុញច្រាន​ពួក​រដ្ឋ​អ៊ីស្លាម​ឲ្យ​ដកថយ​ទៅកាន់​តំបន់​ព្រំដែន​អ៊ីរ៉ាក់​។

​ទោះបីជា​យ៉ាងណាក៏ដោយ​ពួក​រដ្ឋ​អ៊ីស្លាម​ នៅតែ​អាច​វាយប្រហារ​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​កងទ័ព​ស៊ី​រី​ នៅ​តំបន់​វាល​ខ្សាច់​ភាគ​កណ្ដាល​មួយ​នេះក្នុង​រយៈពេល​ ១​សប្ដាហ៍​កន្លង​ទៅ​ នេះ​ជាហេតុ​ធ្វើ​ឲ្យ​សំពាធ​ធ្លាក់​មក​លើ​ផ្លូវ​ផ្គត់ផ្គង់​សំខាន់ ​ទៅកាន់​ខេត្ត​ដេ​អាល់​ហ្ស័​រ​ចេញពី​ច្រក​ខាងលិច​៕
អត្ថបទ៖ សារ៉ាត់