កីឡដ្ឋាន​បាល់ទាត់​អាស៊ី​អឺរ៉ុប​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​​

129

បាល់ទាត់៖ ទីបំផុត​ក្លឹប​បាល់ទាត់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បាន​សម្ពោធ​កីឡដ្ឋាន​ថ្មី​របស់​ខ្លួន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត ឌួង លាង ប្រធាន​ក្រុមប្រឹក្សាភិបាលនៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ហើយ​ជាមួយ​គ្នា​នោះក៏​មាន​ការរៀបចំ​ពិធី​ បើក​ការដ្ឋាន​សាងសង់​កន្លែង​អង្គុយ​ទស្សនា​ផង​ដែរ។

​ឯកឧត្ដម ឌួង លាង បាន​មានប្រសាសន៍ថា កីឡដ្ឋាន​បាល់ទាត់​នេះ​បាន​សាងសង់​រួច​ជា​ស្ថាពរ ដោយ​ចំណាយ​អស់​ប្រមាណ ៥​ម៉ឺន​ដុល្លារ។ បន្ថែម​លើ​នេះ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​ត្រៀម​ថវិកា​ប្រមាណ ៣០​ម៉ឺន​ដុល្លារ​ទៀត​  សម្រាប់​ធ្វើ​កន្លែង​អង្គុយ​ទស្សនា​។ ឯកឧត្ដម​រំពឹង​ថា កីឡដ្ឋាន​ថ្មី​លើកដំបូង​នេះ​នឹង​ជួយ​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប កាន់​តែ​មាន​ភាព​កក់ក្ដៅ​ក្នុង​ការ​ហ្វឹក​ហាត់​ត្រៀម​ការប្រកួត​ផ្សេងៗ ពិសេស​គឺ​ការ​បើកទ្វារ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​លីហ្គ​កំពូល​កម្ពុជា​ នា​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៨ ​ខាងមុខ​តែម្ដង។​ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ដដែល​បាន​បន្ត​ថា តាមរយៈ​សមិទ្ធផល​ថ្មីៗ​ពេលនេះគឺ​ឆ្លុះ​បញ្ចាំង​ ឲ្យ​ឃើញ​ពី​ការ​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ឲ្យ​មានការ​រីកចម្រើន ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣។ ម្យ៉ាង​វិញទៀត​បន្ទាប់ពី​សម្ពោធ​ទីលានបាល់ទាត់​ខ្នាត​អន្តរជាតិ​ខាងលើ​ អាស៊ី​អឺរ៉ុបក៏​នឹង​មាន​បង្កើត​ទីលាន​បាល់ទាត់​ខ្នាត​តូច, អាង​ហែល​ទឹក រួម​ទាំង​ទីលាន​កីឡា​អត្តពលកម្ម​ផង​ដែរ។​


​​គួរ​បញ្ជាក់​ថា កីឡដ្ឋាន​បាល់ទាត់​ស្តង់ដារ​អន្តរជាតិ ​របស់​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ខាងលើ គឺ​មាន​ទីតាំងនៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។ ចំពោះ​កន្លែង​អង្គុយ​ដែល​ទើប​បើក​ការដ្ឋាន​សាងសង់​វិញ​ឯកឧត្ដម ឌួង លាង បាន​បញ្ជាក់​ថា គ្រោង​នឹង​បញ្ចប់​ការសាងសង់​ឲ្យ​បាន​មុនការប្រកួត​បាល់ទាត់​ ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​កម្ពុជារដូវ​កាល​ថ្មីឆ្នាំ​២០១៨​ ខាងមុខ​  គ្រា​ដែល​ការ​សាង​សង់​ជំហាន​ដំបូង អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​ជាង ២,០០០​នាក់​សិន បន្ទាប់មក​ទើប​បន្ត​ការ​សាងសង់​កន្លែង​អង្គុយ​បន្ថែម​តាម​ក្រោយ៕
​អត្ថបទ លី ឈុន​ឡា